លោក Roberto Martinez ត្រូវគេស្តីបន្ទោសថា «ខ្វះភាពម៉ឺងម៉ាត់» រឿងយោគយល់ និងដាក់ Cristiano Ronaldo លេងរាល់នាទី
អត្ថបទសរសេរដោយ Danny • 45 views
អតីតខ្សែប្រយុទ្ធលីគកំពូលអង់គ្លេស លោក Chris Sutton បានរិះគន់លោកគ្រូបង្វឹក Roberto Martinez របស់ក្រុមជម្រើសជាតិព័រទុយហ្គាល់យ៉ាងចាស់ដៃ មុនជំនួបវគ្គ Knockout World Cup ទល់នឹងក្រូអាត ដោយចាត់ទុកការបន្តពឹងផ្អែកទាំងស្រុងលើកីឡាករ Cristiano Ronaldo ថាជាការដឹកនាំដ៏អន់ទន់ជ្រាយ។
នៅក្នុងបទសម្ភាសន៍ជាមួយ BBC Sport លោក Sutton បានលើកឡើងថា លោក Martinez កំពុងតែធ្វើឱ្យក្រុមព័រទុយហ្គាល់ (Portugal) បាត់បង់ឱកាសបង្ហាញសមត្ថភាពពិតប្រាកដ ដោយសារតែការយោគយល់ខ្លាចចិត្ត និងមិនហ៊ានប្តូរ Ronaldo ចេញពីទីលាន ទោះបីជាឥទ្ធិពលនៃការលេងរបស់ខ្សែប្រយុទ្ធវ័យ ៤១ ឆ្នាំរូបនេះមានការធ្លាក់ចុះក៏ដោយ។
លោក Sutton បានសង្កត់ធ្ងន់ថា៖ «Cristiano Ronaldo មានអាយុ ៤១ ឆ្នាំទៅហើយ ប៉ុន្តែបានលេងគ្រប់នាទីឱ្យព័រទុយហ្គាល់កន្លងមក ដែលខ្ញុំគិតថាវាបង្ហាញពីការដឹកនាំដ៏ខ្វះភាពដាច់ខាតរបស់លោក Roberto Martinez។ ខ្ញុំមិនដែលឃើញគ្រូបង្វឹកណាដែលយោគយល់តាមចិត្តកីឡាករម្នាក់ដល់ថ្នាក់ហ្នឹងទេ។ ព័រទុយហ្គាល់មានកីឡាករល្អៗអស្ចារ្យជាច្រើន ប៉ុន្តែពួកគេកំពុងត្រូវបានទាញទម្លាក់មកវិញ ដោយសារតែការមានរូបគេនៅលើទីលានជាប្រចាំក្នុងតំណែងខ្សែប្រយុទ្ធកណ្តាល»។
ទោះជាមានការរិះគន់ខ្លាំងៗលើការរៀបចំយុទ្ធសាស្ត្រក្តី ក៏លោក Sutton នៅតែរំពឹងថាព័រទុយហ្គាល់នឹងអាចយកឈ្នះក្រុមក្រូអាត (Croatia) ដែលមានវ័យចំណាស់ដូចគ្នា ដោយលទ្ធផល ១-០ នៅក្នុងម៉ោងធម្មតា។ លោកថែមទាំងនិយាយបែបឌឺដងថា វានឹងក្លាយជារឿងកំប្លែងបើ Ronaldo គឺជាអ្នកស៊ុតគ្រាប់បាល់ជ័យជម្នះនោះ ដើម្បីបំបិទមាត់អ្នករិះគន់។
ការប្រកួតដ៏សំខាន់នេះនឹងត្រូវធ្វើឡើងនៅទីក្រុង Toronto ប្រទេសកាណាដា នាថ្ងៃអាទិត្យខាងមុខ ដើម្បីដណ្តើមយកកៅអីឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយ។