Pedri បង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះការចង់បាន Julian Alvarez មកកាន់ Barcelona
អត្ថបទសរសេរដោយ Danny • 69 views
ខ្សែបម្រើឆ្នើមរបស់ក្លិប Barcelona កីឡាករ Pedri បានចេញមុខមកផ្តល់ការវាយតម្លៃដោយស្មោះត្រង់មួយជុំវិញពាក្យចចាមអារ៉ាមនៃការផ្ទេរដ៏កក្រើករបស់ខ្សែប្រយុទ្ធ Julian Alvarez ពីក្លិប Atletico Madrid នារដូវក្តៅនេះ បន្ទាប់ពីតារាឆ្នើមសញ្ជាតិអាហ្សង់ទីនរូបនេះបានប្រកាសជាសាធារណៈពីបំណងចង់ចាកចេញពីទឹកដី Metropolitano។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ Teledeporte កីឡាករវ័យ ២៣ ឆ្នាំសញ្ជាតិអេស្ប៉ាញរូបនេះ មិនបានលាក់បាំងនូវការកោតសរសើរចំពោះសមត្ថភាពរបស់ Alvarez ឡើយ ដោយបាននិយាយថា៖ «សម្រាប់ Julian ក្នុងនាមជាកីឡាករម្នាក់ គឺខ្ញុំចូលចិត្តគាត់ខ្លាំងណាស់។ ខ្ញុំតែងតែនិយាយជានិច្ចថា ខ្ញុំចង់ឱ្យកីឡាករដែលល្អបំផុតមកលេងនៅ Barcelona។ ប្រសិនបើកិច្ចព្រមព្រៀងនេះអាចកើតឡើងពិតមែន ខ្ញុំពិតជាសូមស្វាគមន៍គាត់ដោយក្តីរីករាយ»។ ទោះជាយ៉ាងណា យុវជនរូបនេះក៏បានបន្ថែមដោយភាពហ្មត់ចត់ថា វានៅតែមានរឿងរ៉ាវ និងឧបសគ្គជាច្រើនទៀតដែលក្លិបត្រូវដោះស្រាយ ហើយរូបគេក៏មិនចង់លូកដៃចូលទៅក្នុងកិច្ចការផ្ទៃក្នុងរបស់ថ្នាក់ដឹកនាំ និងសាមីខ្លួនឡើយ។
ខ្សែញាក់ដកដង្ហើមទីផ្សារដោះដូរបានចាប់ផ្តើមឡើង បន្ទាប់ពី Alvarez វ័យ ២៦ ឆ្នាំ បានបង្ហាញជំហរយ៉ាងដាច់ខាតដោយស្នើសុំឱ្យថ្នាក់ដឹកនាំ Atletico Madrid ដាក់រូបគេចូលក្នុងទីផ្សារលក់ ព្រោះរូបគេមានបំណងប្រាថ្នាយ៉ាងខ្លាំងក្នុងការមកពាក់អាវរបស់ Blaugrana នារដូវកាលក្រោយ។ ក្លិប Barcelona បានដាក់ម្ចាស់ជើងឯកពិភពលោករូបនេះជាគោលដៅកំពូល ដើម្បីមកជំនួសតំណែងខ្សែប្រយុទ្ធចាស់វស្សា Robert Lewandowski ដែលនឹងត្រូវផុតកិច្ចសន្យា ដោយក្រុមអ្នកមានបុណ្យបានត្រៀមកញ្ចប់ថវិកាដេញថ្លៃដំបូងប្រមាណ ១៣០ លានអឺរ៉ូ។
ទោះជាយ៉ាងណា របាំងដ៏ធំគឺភាគីខាង Atletico Madrid មិនចង់សម្រួលដល់ការចរចាមួយនេះឡើយ ដោយពួកគេបានទាមទារតម្លៃផ្តាច់កិច្ចសន្យា (Release clause) ខ្ពស់កប់ពពករហូតដល់ ៥០០ លានអឺរ៉ូ ឯណោះ បន្ទាប់ពីពួកគេទើបតែបានទាត់ចោលសំណើតម្លៃ ១៥០ លានអឺរ៉ូពីក្លិប Real Madrid កាលពីពេលថ្មីៗនេះ។ គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេល ២ រដូវកាលកន្លងមកជាមួយ Atletico ខ្សែប្រយុទ្ធ Julian Alvarez បង្ហាញខ្លួនបាន ១០៦ ប្រកួត ស៊ុតបញ្ចូលទីបាន ៤៩ គ្រាប់ និងដកស្រង់ការបញ្ជូនបាល់ (Assists) បាន ១៧ ដង ក្នុងរាល់ការប្រកួតទាំងអស់។