លោក Michael Owen ចាត់ទុក Harry Kane ជាខ្សែប្រយុទ្ធល្អបំផុតក្នុងប្រវត្តិសាស្ត្រអង់គ្លេស ប៉ុន្តែថារូបគេគិតខុសដែលផ្ទេរទៅ Bayern Munich
អត្ថបទសរសេរដោយ Danny • 67 views
អតីតវីរៈបុរសម្ចាស់ពានរង្វាន់ Ballon d'Or លោក Michael Owen បានសរសេរនៅក្នុងកាសែត Daily Mail ដោយបានលើកសរសើរកីឡាករ Harry Kane ថាជាខ្សែប្រយុទ្ធដ៏អស្ចារ្យបំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រក្រុមជម្រើសជាតិអង់គ្លេស។ លោកបានសារភាពថា កាលពីមុនលោកធ្លាប់មានការសង្ស័យលើសមត្ថភាពរបស់ខ្សែប្រយុទ្ធរូបនេះ ប៉ុន្តែការខិតខំប្រឹងប្រែង និងភាពរឹងមាំរបស់ Kane បានធ្វើឱ្យលោកប្តូរចិត្តទាំងស្រុង។
ទោះជាយ៉ាងណា លោក Owen នៅតែយល់ឃើញថា ការសម្រេចចិត្តចាកចេញពីលីគកំពូលអង់គ្លេស ដើម្បីទៅរួមរស់ជាមួយក្លិបអធិរាជក្រហម Bayern Munich គឺជាកំហុសយុទ្ធសាស្ត្រដ៏ធំមួយ។ លោកបានពន្យល់ថា ការឈ្នះពានរង្វាន់លីគអាល្លឺម៉ង់ (Bundesliga) ជាមួយ Bayern មិនមែនជាការប្រឈមខ្លាំងក្លាឡើយ ព្រោះក្លិបនេះតែងតែឈ្នះពាននេះទៅហើយ ពោលគឺវាមិនស្មើនឹងការបំបែកកំណត់ត្រាស៊ុតបញ្ចូលទីច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ Premier League ឡើយ។
លោក Owen បាននិយាយថា៖ «ការមិនពេញចិត្តតែមួយគត់របស់ខ្ញុំចំពោះ Harry គឺការផ្ទេរទៅកាន់ Bayern Munich។ ខ្ញុំយល់ពីផលប្រយោជន៍របស់វា ប៉ុន្តែបើនិយាយពីកម្រិតអាជីព រូបគេគឺល្អលើសពីលីគ Bundesliga ឆ្ងាយណាស់»។
ទោះជាមានការរិះគន់រឿងក្លិបក្តី ក៏លោក Owen បានកោតសរសើរយ៉ាងខ្លាំងពីស្មារតីចាស់ទុំរបស់ខ្សែប្រយុទ្ធវ័យ ៣២ ឆ្នាំរូបនេះ ដោយចាត់ទុករូបគេជាគំរូដ៏ល្អសម្រាប់កីឡាករជំនាន់ក្រោយ ដែលបង្ហាញថា ការខំប្រឹងហ្វឹកហាត់ដោយមិនបោះបង់ គឺអាចនាំឱ្យមនុស្សម្នាក់ក្លាយជាកីឡាករកំពូលបាន ទោះបីជាមិនបានកើតមកមានដុងពីកំណើតដូចជា Lionel Messi, Pele ឬ Diego Maradona ក៏ដោយ។