ហេតុអ្វីបានជាការប្រជែងរវាង Mbappe និង Haaland មិនទាន់អាចអង្រួនពិភពលោកបានខ្លាំងដូចជំនាន់ Messi និង Ronaldo?
អត្ថបទសរសេរដោយ Danny • 47 views
ការតទល់គ្នារវាងកីឡាករ Kylian Mbappe និង Erling Haaland ធ្លាប់ត្រូវបានគេរំពឹងទុកថានឹងក្លាយជាការប្រជែងដ៏ក្តៅគគុកជំនាន់ថ្មី បន្ទាប់ពីការកាន់កាប់ពិភពបាល់ទាត់អស់រយៈពេលពីរទសវត្សរ៍ដោយ Lionel Messi និង Cristiano Ronaldo។ ទោះជាយ៉ាងណា មុនពេលដែលបារាំង (France) ត្រូវតទល់នឹងន័រវែស (Norway) ក្នុងព្រឹត្តិការណ៍ World Cup 2026 នេះ គេសង្កេតឃើញថាការប្រជែងលក្ខណៈបុគ្គលរបស់ពួកគេហាក់ដូចជានៅមិនទាន់ផ្ទុះខ្លាំងដូចការរំពឹងទុកនៅឡើយ។
ប៉ុន្តែ នេះអាចជាចំណុចរបត់ថ្មីមួយ ព្រោះបន្ទាប់ពីឆ្លងកាត់ការប្រកួតពីរលើកដំបូងក្នុងវគ្គចែកពូលមក ទាំង Mbappe និង Haaland សុទ្ធតែរកបាន ៤ គ្រាប់ដូចគ្នា ក្រោយពេលដែលពួកគេម្នាក់ៗស៊ុតបាន ២ គ្រាប់ម្នាក់ឯងក្នុងជំនួបទល់នឹងអ៊ីរ៉ាក់ (Iraq) និងសេណេហ្គាល់ (Senegal)។ ពួកគេកំពុងដេញតាមពីក្រោយយ៉ាងប្រកៀកជាមួយស្តេចបាល់ទាត់ Messi ដែលកំពុងនាំមុខគេក្នុងតារាងស្បែកជើងមាស (Golden Boot) ជាមួយនឹងលទ្ធផល ៥ គ្រាប់។
សារព័ត៌មាន GOAL បានធ្វើការវិភាគពីហេតុផលចម្បងៗដែលធ្វើឱ្យការប្រជែងគ្នារបស់ពួកគេ មិនទាន់ឈានដល់កម្រិតកំពូលដូច Messi ទល់នឹង Ronaldo៖
១. លេងនៅលីគខុសគ្នា៖ កាលពីជំនាន់កំពូល Messi និង Ronaldo បានតទល់គ្នាចំៗនៅក្នុងជំនួប El Clasico ដ៏ក្តៅគគុកនៅអេស្ប៉ាញ។ ផ្ទុយទៅវិញ បច្ចុប្បន្ន Haaland កំពុងក្លាយជានិមិត្តរូបរបស់ក្លិប Manchester City ក្នុងលីគ Premier League ចំណែកឯ Mbappe គឺជាកីឡាកររបស់ Real Madrid ក្នុងលីគ La Liga ដែលធ្វើឱ្យពួកគេកម្រនឹងមានឱកាសបានប៉ះគ្នាចំៗណាស់ ក្រៅតែពីពានរង្វាន់ Champions League។
២. កម្រិតខុសគ្នានៅលើឆាកអន្តរជាតិ៖ នេះគឺជាព្រឹត្តិការណ៍ធំលើកដំបូងបង្អស់ក្នុងអាជីពរបស់ Haaland ក្នុងវ័យ ២៥ ឆ្នាំ ជាមួយក្រុមជម្រើសជាតិ Norway បន្ទាប់ពីខកខានអស់ជាច្រើនឆ្នាំ។ ផ្ទុយទៅវិញ នេះគឺជាការប្រកួតពានរង្វាន់ធំលើកទី ៥ របស់ Mbappe ទៅហើយ ហើយរូបគេថែមទាំងធ្លាប់បានលើកពានរង្វាន់ World Cup តាំងពីវ័យជំទង់កាលពីឆ្នាំ ២០១៨ ទៀតផង។
៣. ភាពខុសគ្នានៃតួនាទីនៅលើទីលាន៖ Haaland គឺជាខ្សែប្រយុទ្ធកណ្តាលលំដាប់លេខ ៩ សុទ្ធសាធ (Out-and-out No.9) ដែលពឹងផ្អែកលើការបញ្ចប់ទីក្នុងប្រអប់គ្រោះថ្នាក់។ ចំណែកឯ Mbappe វិញ មានភាពបត់បែនខ្ពស់ ដោយរូបគេអាចលេងជាខ្សែប្រយុទ្ធស្លាបផង និងជាខ្សែប្រយុទ្ធកណ្តាលផង ដែលធ្វើឱ្យគេពិបាកក្នុងការយកមកប្រៀបធៀបគ្នាចំៗណាស់។ ជាងនេះទៅទៀត ផ្កាយព្រឹកទាំងពីររូបនេះ តែងតែបង្ហាញការគោរព និងពោលពាក្យសរសើរគ្នាទៅវិញទៅមកជាសាធារណៈ ដែលខុសប្លែកពីការប្រជែងចិត្តសាស្ត្រដ៏តានតឹងរវាង Messi និង Ronaldo កាលពីមុន។