Lamine Yamal ប្រកាសក្តែងៗថាខ្លួនជាម្ចាស់អាវលេខ ១០ របស់ Barca និងត្រៀមខ្លួនលេង ៩០ នាទីពេញឱ្យអេស្ប៉ាញក្នុង World Cup
អត្ថបទសរសេរដោយ Danny • 64 views
ខ្សែប្រយុទ្ធវ័យក្មេងដ៏លេចធ្លោ Lamine Yamal បានបង្ហាញភាពជឿជាក់យ៉ាងមុតមាំក្នុងការទទួលយកសម្ពាធដ៏មហាសាល ទាំងការគ្រងអាវលេខ ១០ នៅក្លិប Barcelona និងការធ្វើជាកីឡាករសំខាន់របស់ក្រុមជម្រើសជាតិអេស្ប៉ាញ (Spain) នៅក្នុងព្រឹត្តិការណ៍ World Cup 2026 ព្រមទាំងបានផ្តល់ដំណឹងល្អជុំវិញកាយសម្បទារបស់ខ្លួនផងដែរ។
នៅក្នុងការសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ Tiempo de Juego យុវជនជំនាន់ថ្មីរូបនេះបាននិយាយថា៖ «ខ្ញុំយល់ថាមហាជនតែងតែផ្តោតលើកីឡាករណាដែលបង្កើតភាពរំភើបខ្លាំងជាងគេ។ ជម្រើសជាតិមាន Pedri និង Rodri ដែលជាកីឡាករដ៏អស្ចារ្យ ប៉ុន្តែសម្រាប់សម្ពាធដែលខ្ញុំមាន គឺដោយសារខ្ញុំជាម្ចាស់អាវលេខ ១០ របស់ Barca និងជាកីឡាករខ្សែប្រយុទ្ធស្លាប។ តែខ្ញុំរីករាយនឹងវា សម្ពាធពិតប្រាកដគឺនៅពេលដែលអ្នកមិនអាចធ្វើអ្វីតាមដែលគេចង់បាន ប៉ុន្តែខ្ញុំអាចធ្វើវាបាន»។
ទន្ទឹមនឹងនេះ Yamal ក៏បានជម្រះមន្ទិលរឿងបញ្ហារបួសកាលពីវគ្គចែកពូល ដោយអះអាងថាបច្ចុប្បន្នកាយសម្បទារបស់រូបគេបានធូរស្រាលឡើងវិញដល់ទៅ ៨០-៩០ ភាគរយហើយ និងត្រៀមខ្លួនរួចជាស្រេចក្នុងការលេងពេញ ៩០ នាទី ប្រសិនបើគ្រូបង្វឹកត្រូវការ។
ទោះបីជាអេស្ប៉ាញរងការរិះគន់ខ្លះៗពីទម្រង់លេងក្តី ប៉ុន្តែ Yamal បានសង្កត់ធ្ងន់ថា អ្វីដែលសំខាន់បំផុតនៅក្នុងព្រឹត្តិការណ៍ World Cup គឺជ័យជម្នះរបស់ក្រុម។ រូបគេក៏បានសម្តែងក្តីមោទនភាពយ៉ាងខ្លាំងចំពោះការរកគ្រាប់បាល់ដំបូងក្នុងព្រឹត្តិការណ៍ដ៏ធំនេះជូនជាតិមាតុភូមិផងដែរ។
នាពេលបន្ទាប់ អេស្ប៉ាញត្រូវត្រៀមខ្លួនប្រឈមមុខនឹងក្រុមអូទ្រីស (Austria) ក្នុងវគ្គ ៣២ ក្រុមចុងក្រោយ ដែលជាកន្លែងដែល Yamal រំពឹងថានឹងអាចបង្ហាញទម្រង់លេងដ៏មុតស្រួចដើម្បីជួយក្រុមឡើងទៅវគ្គបន្ត។