ហេតុផលពិតដែល Julian Alvarez ចង់រត់ទៅក្រសោបយក Barcelona ជាជាងផ្ទេរទៅ Arsenal ឬ PSG
អត្ថបទសរសេរដោយ Danny • 50 views
ក្លិបអ្នកមានបុណ្យ Barcelona នៅតែបន្តការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការនាំយកខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Julian Alvarez មកកាន់ទឹកដី Spotify Camp Nou ហើយថ្មីៗនេះ សារព័ត៌មាន Mundo Deportivo បានទម្លាយពីហេតុផលស៊ីជម្រៅដែលធ្វើឱ្យសាមីខ្លួនចង់ផ្ទេរមកទីនេះ ជាងការទៅចូលរួមជាមួយ Arsenal ឬ Paris Saint-Germain។
Alvarez កំពុងតែមានការអាក់អន់ចិត្ត និងធុញទ្រាន់យ៉ាងខ្លាំងនឹងទម្រង់លេងបែបការពាររបស់លោក Diego Simeone នៅក្លិបត្មាតដែក Atletico Madrid។ ទោះបីជាជួយក្រុមឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Champions League នារដូវកាល ២០២៥/២៦ នេះក្តី ប៉ុន្តែនៅក្នុងលីគ La Liga វិញ Atletico បានបញ្ចប់ទៅក្នុងចំណាត់ថ្នាក់លេខ ៤ ដោយដេញក្រោយក្រុមជើងឯក Barcelona រហូតដល់ទៅ ២៥ ពិន្ទុឯណោះ ព្រមទាំងមិនបានឈ្នះពានរង្វាន់អ្វីទាល់តែសោះ។
សាមីខ្លួនមានអារម្មណ៍ថា យុទ្ធសាស្ត្របច្ចុប្បន្នបង្ខំឱ្យរូបគេត្រូវរត់ដេញតាមបាល់ និងត្រូវចុះជួយការពារក្នុងតំបន់ដ៏ធំធេង ជាជាងការទទួលបានឱកាសផ្តាច់ព្រ័ត្រនៅក្នុងតំបន់គ្រោះថ្នាក់។ ផ្ទុយទៅវិញ ទម្រង់លេងគ្រប់គ្រងបាល់ និងសម្រុកបែបយុទ្ធសាស្ត្ររបស់ Barcelona នឹងផ្តល់សេរីភាពពេញលេញឱ្យរូបគេក្នុងនាមជាខ្សែប្រយុទ្ធមុតស្រួច។
ក្រៅពីប្រព័ន្ធលេង ឱកាសក្នុងការបានលេងក្បែរបណ្តាខ្សែបម្រើច្នៃប្រឌិតលំដាប់កំពូលដូចជា Pedri, Frenkie de Jong, Fermin Lopez, Dani Olmo រួមទាំងការចាប់ដៃគូជាមួយ Raphinha គឺជាការទាក់ទាញដ៏ខ្លាំងក្លា។ អ្វីដែលជាចំណុចរបត់សំខាន់បំផុតនោះ គឺការលេចធ្លោឡើងរបស់យុវជនទំនើប Lamine Yamal ដែលធ្វើឱ្យ Alvarez ជឿជាក់ថា ការលេងជាមួយទសវត្សរ៍ថ្មីរូបនេះ នឹងជួយលើកស្ទួយទម្រង់លេងរបស់គេឱ្យកាន់តែខ្លាំងមួយកម្រិតទៀត។
ទោះជាយ៉ាងណា ឧបសគ្គដ៏ធំបំផុតនោះគឺ ក្លិប Atletico Madrid មិនមានបំណងចង់បើកការចរចា ឬលក់កីឡាករដ៏សំខាន់របស់ខ្លួនទៅឱ្យក្រុមគូប្រជែងរួមលីគឡើយ ដែលនេះធ្វើឱ្យកិច្ចព្រមព្រៀងមានភាពស្មុគស្មាញជាខ្លាំង ហើយរាល់ការសម្រេចចិត្តទាំងឡាយត្រូវបានគេរំពឹងថានឹងត្រូវពន្យារពេលរហូតដល់ចប់យុទ្ធនាការ World Cup 2026 ជាមុនសិន។