Deniz Undav ជំរុញឱ្យអាល្លឺម៉ង់លេងឌឺដងនិងកាចជាងមុន តែលោក Julian Nagelsmann បដិសេធ
អត្ថបទសរសេរដោយ Danny • 37 views
ខ្សែប្រយុទ្ធជម្រើសជាតិអាល្លឺម៉ង់ កីឡាករ Deniz Undav បានចេញមុខដាស់តឿនមិត្តរួមក្រុមទាំងបង្ខំ ដោយសង្កត់ធ្ងន់ថា ក្រុមឡាស៊ែរត្រូវតែចេះលេងល្បិច និងបង្កើនភាពកាចសាហាវជាងមុន (Be nasty) ទើបអាចមានជីវិតរស់នៅក្នុងវគ្គជម្រុះដាច់ខាតនៃពានរង្វាន់ពិភពលោក។ ការលើកឡើងរបស់តារាឆ្នើមរបស់ក្លិប Stuttgart រូបនេះ បានធ្វើឡើងបន្ទាប់ពីអាល្លឺម៉ង់បានរងបរាជ័យក្រោមថ្វីជើងអេក្វាឌ័រ ២-១ ដែលបង្កឱ្យមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំងរវាងកីឡាករ និងគ្រូបង្វឹក លោក Julian Nagelsmann។
ទោះបីជាអាល្លឺម៉ង់ បានកក់កៅអីឡើងទៅវគ្គបន្តរួចហើយក្តី ប៉ុន្តែទម្រង់លេងដែលចាញ់ក្រុមមកពីអាមេរិកខាងត្បូង បានបង្កើតជាក្តីបារម្ភយ៉ាងខ្លាំង។ Undav ដែលបានប្តូរចូលនៅនាទីទី ៦០ បានមើលឃើញថា ភាគីខាងអេក្វាឌ័រមានការស្រេកឃ្លានជ័យជម្នះនៅលើទីលានខ្លាំងជាង។ លោកបានបញ្ជាក់ថា៖ «អេក្វាឌ័រលេងសម្រុកខ្លាំង និងមុតស្រួចជាងពួកយើង។ នេះជាមេរៀនដែលយើងត្រូវរៀនសូត្រ។ ពួកយើងត្រូវតែចេះការពារខ្លួនឯងឱ្យបានច្រើនជាងនេះ បើសិនជាការប្រកួតប្រែជាតានតឹង និងលេងអាក្រក់ដាក់គ្នា ពួកយើងក៏ត្រូវតែចេះលេងអាក្រក់តបវិញដែរ»។
ទោះជាយ៉ាងណា លោក Julian Nagelsmann បានចេញមុខមកច្រានចោលភ្លាមៗ ចំពោះការរិះគន់ថា កីឡាកររបស់លោកខ្វះការប្តេជ្ញាចិត្ត។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ Magenta TV លោកបានតបទៅអ្នកកាសែតទាំងមិនពេញចិត្តថា៖ «សូមឈប់និយាយរឿងមិនសមហេតុផលបែបនេះទៅ។ ហេតុអ្វីបានជាពួកក្មេងៗមិនចង់លេងអស់ពីសមត្ថភាព? ពួកអេក្វាឌ័រមិនមែនមានការចង់ឈ្នះជាងយើងនោះទេ គឺពួកគេគ្រាន់តែហ៊ានប្រថុយប្រថានច្រើនជាងយើងក្នុងស្ថានភាពខ្លះប៉ុណ្ណោះ»។ លោកបានបន្ថែមថា ការផ្លាស់ប្តូរកីឡាករក្នុងប្រកួតនោះ គឺធ្វើឡើងដើម្បីរក្សាកម្លាំង ព្រោះក្រុមបានឡើងវគ្គបន្តរួចទៅហើយ ដូច្នេះលោកមិនអាចបន្ទោសថា កីឡាករណាម្នាក់មិនប្រឹងប្រែងឡើយ។
ក្រៅពីបញ្ហាស្មារតី ជំនួបនេះក៏បានទាញអ្នកចាំទីជើងចាស់ Manuel Neuer ចូលទៅក្នុងរលកនៃការរិះគន់ផងដែរ បន្ទាប់ពីរូបគេហាក់មានភាពរារែកក្នុងការបង្ក្រាបបាល់ជ្រុង ចហូតបណ្តោយឱ្យ Gonzalo Plata ស៊ុតបញ្ចូលទីគ្រាប់ជ័យជម្នះឱ្យអេក្វាឌ័រ។ ទោះជាមានការដេញដោលរឿងតំណែងអ្នកចាំទីក្តី ប៉ុន្តែលោក Nagelsmann នៅតែបន្តការពារអ្នកចាំទីដៃទីមួយរបស់ខ្លួន ដោយបញ្ជាក់ថារាល់គ្រាប់បាល់ដែល Neuer ប្រឈមមុខសុទ្ធតែជាគ្រាប់បាល់ពិបាកសង្គ្រោះ។
ទោះបីជាចាញ់ប្រកួតចុងក្រោយក្តី អាល្លឺម៉ង់ (Germany) នៅតែបញ្ចប់ក្នុងនាមជាក្រុមលេខ ១ ក្នុងពូល E ហើយត្រូវធ្វើដំណើរទៅកាន់ទីក្រុង Foxborough ក្បែរតំបន់បូស្តុន (Boston) ដើម្បីត្រៀមប្រកួតក្នុងវគ្គ ៣២ ក្រុមចុងក្រោយនៅថ្ងៃច័ន្ទខាងមុខនេះ។