Cole Palmer បើកចិត្តនិយាយអំពី រឿងអត់មានឈ្មោះទៅ World Cup 2026 ជាមួយអង់គ្លេស ហើយឆ្លៀតពេលទៅលំហែកាយនៅកោះ Ibiza
អត្ថបទសរសេរដោយ Danny • 53 views
ខ្សែបម្រើប្រយុទ្ធរបស់ក្លិបតោខៀវ Chelsea កីឡាករ Cole Palmer បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា រូបគេ «មិនបានយំសោក ឬតូចចិត្ត» ឡើយ ចំពោះការដែលគ្មានឈ្មោះក្នុងបញ្ជីលេងជម្រើសជាតិអង់គ្លេស (England) របស់លោក Thomas Tuchel សម្រាប់ព្រឹត្តិការណ៍ World Cup 2026 នេះ ក្រោយរូបគេបានឆ្លងកាត់រដូវកាលដ៏លំបាក និងញាំញីដោយរបួសនៅទឹកដី Stamford Bridge។
លោក Thomas Tuchel បានសម្រេចចិត្តយ៉ាងដាច់ខាតដោយផ្ដោតលើទម្រង់លេងបច្ចុប្បន្នជាចម្បង ដែលធ្វើឱ្យកីឡាករវ័យ ២៤ ឆ្នាំរូបនេះត្រូវជម្រុះចេញពីក្រុម។ ឆ្លើយតបនឹងរឿងនេះ Palmer ដែលកំពុងសម្រាកលំហែកាយនៅកោះ Ibiza បាននិយាយទៅកាន់សារព័ត៌មាន i-D ថា៖ «រដូវកាលនេះមិនសូវល្អសោះសម្រាប់ខ្ញុំ ប៉ុន្តែវាកន្លងហួសទៅហើយ។ ខ្ញុំមិនអង្គុយយំសោកនឹងការសម្រេចចិត្តដែលយើងមិនអាចផ្លាស់ប្តូរបាននោះទេ ហើយខ្ញុំសង្ឃឹមថាក្រុមអង់គ្លេសនឹងអាចដើរទៅដល់វគ្គផ្តាច់ព្រ័ត្រ»។ លោកបានបន្ថែមថា បើទំនេរលោកនឹងតាមដានទស្សនាការប្រកួតរបស់មិត្តរួមក្រុមពីចម្ងាយផងដែរ។
ការធ្លាក់ចុះទម្រង់លេងរបស់ Palmer កាលពីរដូវកាលមុន គឺដោយសារតែបញ្ហារបួសចង្កេះ (Groin issue) ដែលធ្វើឱ្យរូបគេបង្ហាញខ្លួនបាន ៣៤ ប្រកួត ស៊ុតបញ្ចូលទីបានត្រឹម ១១ គ្រាប់ និងដកស្រង់ការបញ្ជូនបាល់ (Assists) បាន ៣ ដងប៉ុណ្ណោះ។ ការខកខាន World Cup លើកនេះ បានផ្តល់ឱកាសឱ្យរូបគេបានសម្រាកខួរក្បាលយ៉ាងពេញលេញជាលើកដំបូងក្នុងរយៈពេលជិត ៤ ឆ្នាំ។
ក្រៅពីការដើរលេងកំសាន្ត និងការត្រឡប់ទៅមើលឪពុកលេងបាល់ទាត់ក្នុងលីគមូលដ្ឋាននៅទីក្រុង Manchester យុវជនរូបនេះក៏បានឆ្លៀតពេលអភិវឌ្ឍអាជីវកម្មផ្ទាល់ខ្លួនមួយ ដែលមានឈ្មោះថា «Cole'd Ice» ដែលជាប្រេនផលិតផលទឹកកកស្អាតបរិសុទ្ធ។ ឈ្មោះប្រេននេះគឺយកតម្រាប់តាមរហស្សនាម «Cold Palmer» និងកាយវិការអបអរសាទរគ្រាប់បាល់ដ៏ល្បីល្បាញរបស់គេ (កាយវិការរងា)។ Palmer និយាយទាំងញញឹមថា៖ «ពេលខ្ញុំមិនបានលេងបាល់ទាត់ វាជាអ្វីផ្សេងទៀតដែលត្រូវគិត។ វាជាអាជីវកម្មល្អសម្រាប់សុខភាព និងជាអ្វីដែលខ្ញុំចង់ចែករំលែកទៅកាន់អ្នកគាំទ្រ»។
ទោះបីជាត្រូវខកចិត្តនឹងការប្រកួតលំដាប់ពិភពលោកក្តី ប៉ុន្តែ Cole Palmer កំពុងទន្ទឹងរង់ចាំការចាប់ផ្តើមទំព័រថ្មីនៅ Chelsea ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹកថ្មី Xabi Alonso ដែលបានចាត់ទុកកីឡាកររូបនេះ រួមជាមួយ Joao Pedro និង Moises Caicedo ជាសសរទ្រូងសំខាន់ក្នុងការស្រោចស្រង់ក្លិបឡើងវិញ បន្ទាប់ពីខកខានពានរង្វាន់ និងបានត្រឹមចំណាត់ថ្នាក់លេខ ១០ ក្នុងលីគកាលពីរដូវកាលមុន។