Carlo Ancelotti កោតសរសើរស្មារតីរបស់ Neymar ក្នុងការត្រឡប់មកជួយប្រេស៊ីលវិញនៅ World Cup
អត្ថបទសរសេរដោយ Danny • 81 views
គ្រូបង្វឹកជម្រើសជាតិប្រេស៊ីល លោក Carlo Ancelotti បានសម្តែងការកោតសរសើរមិនដាច់ពីមាត់ចំពោះចំណង់ចំណូលចិត្ត និងការស្រឡាញ់បាល់ទាត់មិនចេះរីងស្ងួតរបស់ខ្សែប្រយុទ្ធវ័យជ្រេ Neymar ដោយលោកបានប្រៀបប្រដូជស្មារតីរបស់តារាឆ្នើមរបស់ក្លិប Santos រូបនេះ ទៅនឹងក្មេងប្រុសម្នាក់ដែលទើបតែចេះលេងបាល់ អំឡុងពេលដែលរូបគេបានត្រឡប់មកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ World Cup 2026 ជាថ្មីម្តងទៀត។
នៅក្នុងការដឹកនាំក្រុមជម្រើសជាតិសាំបាលើកទី ១៥ របស់ខ្លួន លោក Ancelotti ទីបំផុតបានផ្តល់ឱកាសឱ្យប្រធានក្រុម Neymar ចូលលេងនៅនាទីទី ៧២ ក្នុងនាមជាកីឡាករបម្រុង ធ្វើឱ្យអ្នកគាំទ្រពេញមួយកីឡដ្ឋាន Hard Rock Stadium នាទីក្រុងម៉ៃអាមីដកដង្ហើមស្ទើរមិនដល់គ្នា។ ការប្រកួតនោះ ប្រេស៊ីល (Brazil) បានយកឈ្នះស្កុតឡែន (Scotland) យ៉ាងចាស់ដៃក្នុងលទ្ធផល ៣-០ តាមរយៈការធ្វើបាន ២ គ្រាប់ម្នាក់ឯងពីយុវជន Vinicius Junior និង ១ គ្រាប់ទៀតដោយ Matheus Cunha។
ការត្រឡប់មកពាក់អាវពណ៌លឿងដ៏មានឥទ្ធិពលលើកនេះ គឺមានន័យខ្លាំងណាស់សម្រាប់ Neymar ព្រោះវាជាការវិលត្រឡប់មកឆាកអន្តរជាតិវិញ បន្ទាប់ពីបានខកខានអស់រយៈពេលយ៉ាងយូររហូតដល់ទៅ ៩៨១ ថ្ងៃ គិតចាប់តាំងពីខែតុលា ឆ្នាំ ២០២៣ មកម្ល៉េះ។ លោក Ancelotti បាននិយាយនៅក្នុងសន្និសីទកាសែតថា៖ «គាត់ទទួលបានឱកាសចូលលេង ព្រោះគាត់ពិតជាសក្តិសមនឹងវា។ Neymar បានស្តារកាយសម្បទាឡើងវិញយ៉ាងល្អឥតខ្ចោះ ដោយភាពម៉ឺងម៉ាត់ និងការទទួលខុសត្រូវខ្ពស់បំផុតក្នុងនាមជាកីឡាករអាជីព។ ទោះបីជាមានពេលនៅលើទីលានតិចតួច តែគាត់បានបង្ហាញឱ្យឃើញថាគាត់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការជួយក្រុម»។
ទោះបីជាស្ថិតក្នុងវ័យ ៣៤ ឆ្នាំទៅហើយក្តី ប៉ុន្តែស្មារតីរបស់គេបានធ្វើឱ្យអតីតគ្រូបង្វឹករបស់ Real Madrid រូបនេះស្ងើចសរសើរជាខ្លាំង។ នៅពេលដែលអ្នកកាសែតអេស្ប៉ាញសួរថា តើកីឡាកររូបនេះត្រូវការការលើកទឹកចិត្តបន្ថែមអ្វីទៀតទេក្នុងវ័យនេះ លោក Ancelotti បានទាត់ចោលសំណួរនោះភ្លាមៗ ដោយបញ្ជាក់ថា៖ «Neymar មិនត្រូវការការលើកទឹកចិត្តបន្ថែមអ្វីឡើយ គ្មានកីឡាករណាម្នាក់ត្រូវការការជំរុញចិត្តបន្ថែមដើម្បីលេងឱ្យ Selecao នោះទេ ហើយសម្រាប់ Neymar ក៏ដូចគ្នាដែរ។ ក្នុងវ័យ ៣៤ ឆ្នាំ គាត់នៅតែមានចំណង់ចំណូលចិត្តលេងបាល់ទាត់ដូចក្មេងប្រុសម្នាក់អញ្ចឹង»។
ជ័យជម្នះលើ Scotland បានជួយឱ្យប្រេស៊ីលឈរនៅកំពូលតារាងនៃពូល C និងបានកក់កៅអីឡើងទៅវគ្គ ៣២ ក្រុមចុងក្រោយ ដោយត្រូវធ្វើដំណើរទៅកាន់ទីក្រុងហ៊ូស្តុន (Houston) នាសប្តាហ៍ក្រោយ។ ទោះជាយ៉ាងណា លោក Ancelotti ដឹងច្បាស់ថា របាំងការពារនៅវគ្គបន្ទាប់នឹងកាន់តែពិបាក ព្រោះពួកគេត្រូវត្រៀមតទល់ជាមួយក្រុមខ្លាំងៗនៅអឺរ៉ុប និងអាស៊ី ដែលអាចជា ហូឡង់ (Netherlands), ជប៉ុន (Japan) ឬ ស៊ុយអែត (Sweden)។ លោកបានបញ្ជាក់ថា ហូឡង់មានបទពិសោធន៍ខ្ពស់ ចំណែកជប៉ុនលេងបានយ៉ាងស្អាត និងមានទម្រង់លេងគួរឱ្យទាក់ទាញ ខណៈដែលស៊ុយអែតមានតំបន់ប្រយុទ្ធដ៏មុតស្រួច ដែលប្រេស៊ីលដាច់ខាតមិនអាចមើលស្រាលបានឡើយ។
