AS Monaco សម្រេចទិញយក Ansu Fati ពី Barcelona ក្នុងតម្លៃ ១១ លានអឺរ៉ូ ក្រោយបង្ហាញទម្រង់លេងយ៉ាងលេចធ្លោ
អត្ថបទសរសេរដោយ Danny • 67 views
ក្លិប AS Monaco នៅលីគកំពូលបារាំង បានប្រកាសជាផ្លូវការក្នុងការទិញដាច់ខ្សែប្រយុទ្ធ Ansu Fati ពីក្លិប Barcelona ក្រោយពីបានសម្រេចចិត្តប្រើប្រាស់លក្ខខណ្ឌទិញដាច់ក្នុងតម្លៃ ១១ លានអឺរ៉ូ (ប្រមាណ ១៣ លានដុល្លារ)។ កីឡាករវ័យ ២៣ ឆ្នាំរូបនេះ បានចុះកិច្ចសន្យារយៈពេល ៤ ឆ្នាំ ដែលនឹងត្រូវបន្តស្នាក់នៅទឹកដីបារាំងរហូតដល់ខែមិថុនា ឆ្នាំ ២០៣០។
ខាងភាគី Barcelona ក៏បានចេញសេចក្តីថ្លែងការណ៍អំណរគុណដល់អតីតម្ចាស់អាវលេខ ១០ រូបនេះ ចំពោះការខិតខំប្រឹងប្រែងកន្លងមក ខណៈដែលការផ្ទេរនេះ ក្លិបអ្នកមានបុណ្យក៏បានរក្សាទុកភាគរយទទួលបានប្រាក់ចំណេញសម្រាប់ការលក់រូបគេចេញនាពេលអនាគតផងដែរ។
កាលពីរដូវកាលមុន ក្នុងអំឡុងពេលខ្ចីជើងនៅ Monaco ម្ចាស់អាវលេខ ១០ បន្ទាប់ពី Lionel Messi រូបនេះ បានរកឃើញទម្រង់លេងដ៏ល្អបំផុតរបស់ខ្លួនឡើងវិញ ដោយបង្ហាញខ្លួនបាន ៣០ ប្រកួត និងស៊ុតបញ្ចូលទីបាន ១២ គ្រាប់ ដែលជាមធ្យមភាគរកគ្រាប់បាល់បានល្អបំផុតនៅក្នុងលីគ Ligue 1 (១ គ្រាប់រាល់ ១១០ នាទី)។
ការផ្លាស់ប្តូរមកកាន់ទឹកដីបារាំងជាអចិន្ត្រៃយ៍នេះ បានបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយសម្រាប់ Ansu Fati ក្នុងការកសាងអាជីពឡើងវិញ ឱ្យឆ្ងាយពីសម្ពាធដ៏មហាសាលនៅតំបន់កាតាឡូនីញ៉ា។ បច្ចុប្បន្ន រូបគេកំពុងផ្តោតអារម្មណ៍យ៉ាងខ្លាំងក្នុងការដឹកនាំតំបន់ប្រយុទ្ធរបស់ Monaco ដើម្បីត្រៀមប្រកួតប្រជែងពានរង្វាន់ក្នុងស្រុក និងពានរង្វាន់អឺរ៉ុប ព្រមទាំងមានឱកាសអាចត្រឡប់ទៅចូលរួមជាមួយក្រុមជម្រើសជាតិអេស្ប៉ាញវិញផងដែរ។