Arsenal និង Crystal Palace ស្នើសុំ Premier League កែសម្រួលកាលវិភាគ
អត្ថបទសរសេរដោយ Bonat • 94 views
ក្លិប Arsenal និង Crystal Palace បានស្នើសុំទៅកាន់ Premier League ឱ្យផ្លាស់ប្តូរកាលវិភាគប្រកួតរបស់ពួកគេ បន្ទាប់ពីការចាប់ឆ្នោតពាន Carabao Cup វគ្គ ៨ ក្រុម បានបង្កជាបញ្ហា កកស្ទះការប្រកួត យ៉ាងធ្ងន់ធ្ងរនៅចុងខែធ្នូ។
ការប្រកួត Carabao Cup រវាង Arsenal និង Palace ត្រូវបានកំណត់ឱ្យលេងនៅថ្ងៃទី ២៣ ខែធ្នូ ដែលត្រឹមតែ ២ ថ្ងៃ ប៉ុណ្ណោះបន្ទាប់ពីការប្រកួត Premier League (Palace ត្រូវទៅលេងក្រៅដីទល់នឹង Leeds និង Arsenal ទល់នឹង Everton នៅថ្ងៃទី ២១ ខែធ្នូ)។ លោក Oliver Glasner គ្រូបង្វឹក Palace បានសម្តែងការ ខឹងសម្បារ និងហៅកាលវិភាគនេះថា "ជាការមិនទទួលខុសត្រូវ" ចំពោះសុខុមាលភាពកីឡាករ ដោយក្រុមរបស់លោកត្រូវលេង ៨ ប្រកួត ក្នុងរយៈពេល ២៣ ថ្ងៃ។
លីគ EFL បានចេញមុខ ស្តីបន្ទោស ទៅលើ UEFA ចំពោះការ ពង្រីកពានរង្វាន់អឺរ៉ុប (Champions, Europa, Conference League) ដែលធ្វើឱ្យកាលវិភាគក្នុងស្រុកគ្មានកន្លែងសម្រាក។ ភាពចលាចលនេះកើតឡើងចំពេលដែល Premier League សម្រេចបំបែកប្រពៃណី ដោយនឹងមានការប្រកួតតែ មួយគត់ នៅថ្ងៃ Boxing Day (២៦ ធ្នូ) រវាង Manchester United ទល់នឹង Newcastle United ខណៈដែលការប្រកួតផ្សេងទៀតត្រូវពន្យារពេលដល់ចុងសប្តាហ៍។
