Yan Diomande៖ គ្រាប់ពេជ្រថ្មីរបស់ Red Bull ដែលកំពុងត្រូវប៉ាន់ក្នុងទីផ្សារអឺរ៉ុប
អត្ថបទសរសេរដោយ Bonat • 88 views
កីឡាករសញ្ជាតិកូតឌីវ័រ Yan Diomande (វ័យ ១៩ ឆ្នាំ) កំពុងក្លាយជាបាតុភូតថ្មីក្នុងពិភពបាល់ទាត់ ដោយត្រូវបានគេចាត់ទុកថាជាយុវជនល្អបំផុតរបស់ប្រព័ន្ធ Red Bull បន្ទាប់ពី Erling Haaland។ បច្ចុប្បន្ន រូបគេកំពុងស្ថិតក្រោមការណែនាំរបស់លោក Jurgen Klopp (ប្រធានផ្នែកបាល់ទាត់សកលរបស់ Red Bull) នៅក្លិប RB Leipzig។ កើតនៅកូតឌីវ័រ ធំដឹងក្តីនៅអាមេរិក និងបានចាប់ផ្តើមអាជីពអាជីពដំបូងបំផុតនៅក្លិប Leganes (អេស្ប៉ាញ) នាខែមីនា ឆ្នាំ ២០២៥។ បន្ទាប់ពីបង្ហាញខ្លួនបានត្រឹមតែ ១០ ប្រកួតនៅអេស្ប៉ាញ RB Leipzig បានទិញរូបគេក្នុងតម្លៃ €២០ លានអឺរ៉ូ កាលពីរដូវក្តៅឆ្នាំ ២០២៥។ ត្រឹមតែ ១៦ ប្រកួតឱ្យ Leipzig រូបគេរកបាន ៧ គ្រាប់ និង ៤ Assists។ រូបគេក៏ជាកីឡាករវ័យក្មេងទី ២ ក្នុងប្រវត្តិសាស្ត្រ Bundesliga ដែលអាចធ្វើ Hat-trick បាន (ក្នុងជំនួបឈ្នះ Frankfurt ៦-០)។
Diomande នាំមុខគេនៅ Bundesliga លើស្ថិតិអូសបាល់ដាច់ (៤២ ដង) ហើយបើធៀបក្នុងអឺរ៉ុប គេចាញ់តែ Lamine Yamal, Kudus និង Mbappe ប៉ុណ្ណោះ។ គេអាចលេងបានទាំងស្លាបឆ្វេង និងស្តាំ ព្រោះមានបច្ចេកទេសប្រើជើងបានទាំងសងខាងយ៉ាងស្ទាត់ជំនាញ។ ក្រៅពីការវាយលុក គេមានស្ថិតិដណ្តើមបាល់ និងកាត់បាល់ (Interceptions) ខ្ពស់បំផុតក្នុងចំណោមខ្សែបម្រើស្លាប។ RB Leipzig បានដាក់តម្លៃខ្លួនរូបគេរហូតដល់ €១០០ លានអឺរ៉ូ (£៨៨ លានផោន)។ Liverpool និង Man City កំពុងត្រៀមប្រជែងគ្នាដណ្តើមយកកីឡាកររូបនេះ ខណៈដែល Barcelona, Real Madrid និង Spurs ក៏កំពុងតាមដានយ៉ាងដិតដល់ផងដែរ។
