រឿងរ៉ាវចម្លែកហួសថ្លែងនៅ World Cup 2026!អាល់ហ្សេរី (Algeria) និងអូទ្រីស (Austria) អាចនឹងប្រកួតគ្នាដើម្បីស្វែងរកបរាជ័យ ដើម្បីជៀសវាងការប៉ះអេស្ប៉ាញ
អត្ថបទសរសេរដោយ Danny • 36 views
សេណារីយ៉ូដ៏ចម្លែក និងមិនធ្លាប់មានមួយកំពុងតែដេកគងគំរាមកំហែងដល់ស្មារតីកីឡានៅក្នុងព្រឹត្តិការណ៍ World Cup 2026 នេះ ខណៈដែលការប្រកួតចុងក្រោយក្នុងពូល J រវាងក្រុមជម្រើសជាតិអាល់ហ្សេរី (Algeria) និងអូទ្រីស (Austria) នាថ្ងៃទី ២៨ ខែមិថុនា ខាងមុខ អាចនឹងក្លាយជាល្បែងដែលគ្មានអ្នកណាប្រាថ្នាចង់ឈ្នះនោះឡើយ។
តាមស្ថានភាពបច្ចុប្បន្ន អាហ្សង់ទីនបានកក់កៅអីលេខ ១ ក្នុងពូលបាត់ទៅហើយ ក្រោយរកបាន ៦ ពិន្ទុពេញ ខណៈដែលហ៊្សកដានីត្រូវធ្លាក់ដេកដី។ ដូចនេះ Austria និង Algeria ដែលមាន ៣ ពិន្ទុស្មើគ្នា ត្រូវតទល់គ្នាដើម្បីដណ្តើមយកចំណាត់ថ្នាក់លេខ ២ និងលេខ ៣។ អ្វីដែលជាបញ្ហាចោទនោះគឺ ក្រុមដែលបានលេខ ២ ក្នុងពូល នឹងត្រូវធ្វើដំណើរទៅបុកជាមួយក្រុមខ្លាំងនិងជាក្រុមគ្រងតំណែងទិព្វ គឺអេស្ប៉ាញ (Spain) នៅក្នុងវគ្គខកខៅត៍ ចំណែកឯក្រុមដែលបានលេខ ៣ នឹងត្រូវទៅជួបក្រុមលេខ ១ មកពីពូលផ្សេងទៀត ដែលមើលទៅស្រាលជាងឆ្ងាយ។
គណិតវិទ្យានៃការរៀបចំយុទ្ធសាស្ត្រនេះបានបង្ហាញថា បើ Algeria ឈ្នះ ពួកគេនឹងបានលេខ ២ ហើយត្រូវទៅជួប Spain។ ផ្ទុយទៅវិញ បើពួកគេត្រឹមស្មើ ឬចាញ់ ពួកគេនឹងបានលេខ ៣ ដែលជាផ្លូវដើរធូរស្រាលជាង។ ចំណែកខាងភាគី Austria វិញ រឹតតែចង់ចាញ់ខ្លាំងជាងនេះទៅទៀត ព្រោះបច្ចុប្បន្នពួកគេកំពុងឈរលេខ ២ ដោយសារមានគ្រាប់បាល់ចំណេញ ដូចនេះមានតែការលេងឱ្យចាញ់ Algeria មួយចរន្តប៉ុណ្ណោះ ទើបអាចទម្លាក់ខ្លួនមកនៅលេខ ៣ បាន។
លោក Florian Ederer សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចនៃសាកលវិទ្យាល័យបូស្តុន និងជាអ្នកគាំទ្រងប់ងុលរបស់ Austria បានលើកឡើងប្រាប់សារព័ត៌មាន The Times ថា៖ «អ្នកអាចនឹងជួបស្ថានភាពមួយដែលការមិនឈ្នះ គឺជារឿងល្អបំផុតសម្រាប់ក្រុមទាំងពីរ»។ លោកថែមទាំងបានបង្ហោះនៅលើបណ្តាញសង្គម X ដោយដាក់រហស្សនាមព្រឹត្តិការណ៍នេះថា៖ «ចាំមើលសម្តីខ្ញុំចុះ នេះនឹងក្លាយជាភាពអាម៉ាស់នៅ Kansas City (The Shame of Kansas City)»។
លោកបានប្រៀបធៀបរឿងនេះទៅនឹងប្រវត្តិសាស្ត្រដ៏ខ្មៅងងឹត «ភាពអាម៉ាស់នៅ Gijón» (Disgrace of Gijón) កាលពី World Cup 1982 ដែលកាលនោះ អាល្លឺម៉ង់ខាងលិច និងអូទ្រីស បានសហការគ្នាបង្អង់ល្បឿនលេងកំដរជើង បន្ទាប់ពីអាល្លឺម៉ង់នាំមុខ ១-០ ដើម្បីឱបដៃគ្នាឡើងទៅវគ្គបន្ត និងទម្លាក់ Algeria ចេញ ទាំងអយុត្តិធម៌។