Tottenham ទាក់ទងទៅ Real Madrid ចង់ខ្ចីជើងយុវជនឆ្នើម Franco Mastantuono មកពង្រឹងតំបន់ប្រយុទ្ធ
អត្ថបទសរសេរដោយ Danny • 39 views
ក្លិបខ្នាយមាស Tottenham Hotspur ត្រូវបានរាយការណ៍ថា បានបង្កើតការទាក់ទងជាផ្លូវការជាមួយក្លិបអធិរាជស Real Madrid ជុំវិញការចង់បានខ្សែបម្រើប្រយុទ្ធវ័យក្មេង Franco Mastantuono នារដូវក្តៅនេះ បន្ទាប់ពីយុវជនសញ្ជាតិអាហ្សង់ទីនរូបនេះ មិនស្ថិតនៅក្នុងគម្រោងដំបូងរបស់គ្រូបង្វឹកថ្មី លោក Jose Mourinho ឡើយ។
តាមប្រភពពីសារព័ត៌មាន Sport បានឱ្យដឹងថា ភាគី Real Madrid ចង់ឱ្យកីឡាករវ័យ ១៨ ឆ្នាំរូបនេះផ្ទេរចេញក្នុងលក្ខខណ្ឌខ្ចីជើង ដើម្បីមានឱកាសចូលលេងក្នុងក្រុមឈុតធំឱ្យបានទៀងទាត់ និងដើម្បីពង្រឹងសមត្ថភាពបន្ថែម។ យ៉ាងណាមិញ Spurs ត្រូវប្រឈមមុខនឹងការប្រជែងយ៉ាងស្វិតស្វាញ ព្រោះមានក្លិបធំៗរហូតដល់ទៅ ៩ នៅក្នុងអឺរ៉ុប កំពុងតាមប្រមាញ់ហត្ថលេខារបស់ Mastantuono ដូចគ្នា ក្នុងនោះរួមមាន Inter, Juventus, Porto, Benfica, Sporting CP, Villarreal, Rennes និងការចង់បានត្រឡប់ទៅវិញពីក្លិបចាស់របស់គេគឺ River Plate។
ទោះជាយ៉ាងណា គេនៅតែមានមន្ទិលខ្លះៗថា តើយុវជនរូបនេះអាចនឹងត្រូវជើងគ្នាជាមួយទម្រង់លេងរបស់លោក Roberto De Zerbi នៅ Tottenham ឬយ៉ាងណា ព្រោះបច្ចុប្បន្ននៅក្នុងក្រុមកំពុងតែមានកីឡាករតំណែងច្នៃប្រឌិតច្រើនលើសលុបទៅហើយ ដូចជា Xavi Simons, James Maddison និង Dejan Kulusevski ជាដើម។ ការណ៍នេះអាចធ្វើឱ្យ Spurs ពិបាកនឹងធានារកនាទីចូលលេងឱ្យបានរាល់សប្តាហ៍ ដូចដែលសាមីខ្លួនចង់បាន។
អ្នកវិភាគ និងអ្នកគាំទ្រភាគច្រើនយល់ឃើញថា ជំនួសឱ្យការទិញខ្សែបម្រើប្រយុទ្ធវ័យក្មេង លោក De Zerbi គួរតែបង្វែរអារម្មណ៍ទៅរកការទិញខ្សែប្រយុទ្ធកណ្តាល (តំណែងលេខ ៩ ពិតប្រាកដ) ដែលមានបទពិសោធន៍ និងអាចរកគ្រាប់បាល់បានភ្លាមៗ ដើម្បីមកបំពេញចន្លោះប្រហោងដែលបន្សល់ទុកដោយ Harry Kane ទើបជារឿងប្រសើរ។ បច្ចុប្បន្ន បើទោះបីជាមាន Dominic Solanke និង Richarlison ហើយក៏ដោយ ប៉ុន្តែអតីតខ្សែបម្រើ Spurs លោក Darren Anderton បានណែនាំឱ្យក្លិបគួរតែហ៊ានចំណាយទិញខ្សែប្រយុទ្ធមុតស្រួច ដូចជា Igor Thiago របស់ក្រុម Brentford មកពង្រឹងបន្ថែមដើម្បីធានាកៅអី Top 4។