Tottenham Hotspur កំពុងជួបបញ្ហាទម្រង់លេងក្នុង Premier League រដូវកាលនេះ
អត្ថបទសរសេរដោយ Dany • 96 views
Tottenham Hotspur កំពុងឆ្លងកាត់រដូវកាលមួយដែលមិនសូវស្ថិតស្ថេរនៅក្នុងក្របខណ្ឌ Premier League។ ក្នុងចំណោម 8 ប្រកួតចុងក្រោយ ក្រុម “មាន់ខ្នាយមាស” អាចឈ្នះបានតែ 2 ប្រកួតប៉ុណ្ណោះនៅក្នុងផ្ទះ ដែលជាស្ថិតិមួយមិនសូវគួរឱ្យពេញចិត្ត សម្រាប់ក្លិបដែលមានគោលដៅប្រជែងតំណែងកំពូលលីគ។
ក្រោមការដឹកនាំរបស់ លោក Thomas Frank ក្រុមបានចំណាយពេលជិត 16 សប្តាហ៍ ក្នុងការប្រកួតរដូវកាលនេះ ប៉ុន្តែទទួលបានត្រឹមតែ 22 ពិន្ទុ ប៉ុណ្ណោះ ដែលធ្វើឱ្យពួកគេឋិតនៅ ចំណាត់ថ្នាក់លេខ 11 ក្នុងតារាង Premier League។ លទ្ធផលនេះបានបង្ហាញថា Tottenham នៅមិនទាន់រកឃើញភាពស្ថិតស្ថេរទាំងក្នុងការវាយប្រហារ និងការការពារ។
អ្នកវិភាគបាល់ទាត់មួយចំនួនយល់ថា បញ្ហាចម្បងរបស់ Spurs គឺការខ្វះភាពមុតមាំនៅពេលលេងក្នុងផ្ទះ និងការបាត់បង់ឱកាសសំខាន់ៗនៅក្នុងប្រកួតធំៗ។ ខណៈដែលក្រុមផ្សេងៗនៅកំពូលតារាងកំពុងបន្តរកពិន្ទុយ៉ាងស្ថិតស្ថេរ Tottenham ត្រូវការការកែលម្អយ៉ាងឆាប់រហ័ស ប្រសិនបើចង់វិលត្រលប់ទៅការប្រជែងកៅអីអឺរ៉ុប។
រដូវកាលនៅមុខមាត់នៅតែវែង ហើយ Spurs នៅមានឱកាសកែប្រែស្ថានការណ៍ ប៉ុន្តែការកែសម្រួលយុទ្ធសាស្ត្រ និងការលើកទឹកចិត្តកីឡាករ អាចជាកត្តាសំខាន់ក្នុងការកំណត់ថា Tottenham Hotspur នឹងបញ្ចប់រដូវកាលនេះដោយលទ្ធផលបែបណា។