ខ្សែការពាររបស់ Tottenham Hotspur គឺ Destiny Udogie បានជួបប្រទះហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលនៅក្រៅទីលាន បន្ទាប់ពីរថយន្តតម្លៃប្រហែល £150,000 ម៉ាក Range Rover របស់គាត់ ត្រូវបានចោរលួចវៃបំបែក
អត្ថបទសរសេរដោយ Dany • 83 views
ខ្សែការពាររបស់ Tottenham Hotspur គឺ Destiny Udogie បានជួបប្រទះហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៀត ក្រៅទីលាន បន្ទាប់ពីរថយន្តតម្លៃប្រហែល £150,000 ម៉ាក Range Rover របស់គាត់ ត្រូវបានចោរលួចវៃបំបែក ខណៈគាត់កំពុងចូលរួមការប្រកួតជាមួយក្លិប។
ហេតុការណ៍នេះបានកើតឡើងនៅចុងសប្ដាហ៍ បន្ទាប់ពីការបរាជ័យក្នុងដី 2-1 របស់ Tottenham ទល់នឹង West Ham។ Destiny Udogie ដែលជាកីឡាករបម្រុងមិនបានចូលលេងក្នុងការប្រកួតនោះ បានត្រឡប់ទៅរករថយន្តរបស់ខ្លួនវិញ ហើយបានឃើញថាបង្អួចកញ្ចក់ខាងក្រោយត្រូវបានវៃបំបែក ហើយកញ្ចក់បែករាយពេញក្នុងឡាន ដែលបង្ហាញថាមានការប៉ះពាល់យ៉ាងខ្លាំង។
ព្រឹត្តិការណ៍នេះកាន់តែធ្វើឲ្យអ្នកគាំទ្រព្រួយបារម្ភ ព្រោះវាកើតឡើងតែប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពី Destiny Udogie ត្រូវបានរាយការណ៍ថា បានរងការគំរាមកំហែងដោយអាវុធពីភ្នាក់ងារបាល់ទាត់ម្នាក់។ ទោះបីករណីនោះមិនទាន់មានការបញ្ជាក់លម្អិតជាផ្លូវការក៏ដោយ ប៉ុន្តែវាបានបង្កការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពរបស់កីឡាករ។
សម្រាប់ Tottenham Hotspur និង Destiny Udogie វាជារឿងមិនសប្បាយចិត្តដែលបញ្ហាក្រៅទីលានបែបនេះ កើតឡើងនៅពេលដែលកីឡាករត្រូវការផ្តោតអារម្មណ៍លើការប្រកួត និងទម្រង់លេង។ ក្លិប និងអាជ្ញាធរ ត្រូវបានរំពឹងថានឹងពិនិត្យ និងដោះស្រាយករណីនេះយ៉ាងម៉ត់ចត់ ដើម្បីធានាសុវត្ថិភាពរបស់កីឡាករនៅពេលអនាគត។