លោក Thomas Tuchel ទទួលបានកម្លាំងចិត្តធំ ក្រោយ Marcus Rashford និង Declan Rice ជាសះស្បើយពីរបួស តែ Bukayo Saka នៅតែត្រូវអង្គុយកៅអីបម្រុង
អត្ថបទសរសេរដោយ Danny • 38 views
ត្រៀមខ្លួនសម្រាប់ជំនួបទីពីរក្នុងពូល Group L នៃព្រឹត្តិការណ៍ World Cup 2026 ក្រុមជម្រើសជាតិតោបីអង់គ្លេស (England) របស់លោកគ្រូបង្វឹក Thomas Tuchel ទទួលបានការជំរុញទឹកចិត្តយ៉ាងខ្លាំង បន្ទាប់ពីខ្សែប្រយុទ្ធ Marcus Rashford និងខ្សែបម្រើ Declan Rice បានជម្រុះចោលក្តីបារម្ភរឿងបញ្ហារបួស និងបានត្រឡប់មកហ្វឹកហាត់ពេញលេញឡើងវិញ នៅក្នុងទីក្រុង Kansas City។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian កីឡាករសំខាន់ទាំងពីររូបនេះបានបង្ហាញវត្តមាន និងធ្វើចលនាដោយសេរី ក្នុងវគ្គហ្វឹកហាត់កាលពីថ្ងៃសៅរ៍។ កាលពីជំនួបបើកឆាកដែលអង់គ្លេសយកឈ្នះក្រូអាត ៤-២, Marcus Rashford ដែលបានប្តូរចូល និងស៊ុតបញ្ចូលទីបានមួយគ្រាប់នោះ បានជួបបញ្ហាសាច់ដុំបន្តិចបន្តួច ចំណែកឯអនុប្រធានក្រុម Declan Rice ត្រូវប្តូរចេញនៅនាទី៧២ ដោយសារមានអារម្មណ៍មិនស្រួលនៅចង្កេះផ្នែកខាងក្រោម និងសរសៃពួរគន្លាក់ជើង។ តាមការព្យាករណ៍ Rice នឹងនៅតែរក្សាតំណែងក្នុងជម្រើសដំបូងក្នុងតំបន់បម្រើ ខណៈដែល Rashford កំពុងតែប្រជែងតំណែងស្លាបឆ្វេងយ៉ាងខ្លាំងជាមួយ Anthony Gordon ក្រោយរូបគេបានសម្រាកកាលពីថ្ងៃសុក្រ។
ទោះជាយ៉ាងណា ស្ថានភាពរបស់ Bukayo Saka នៅតែជាក្តីកង្វល់នៅឡើយ។ ខ្សែប្រយុទ្ធស្លាបរបស់ក្លិប Arsenal រូបនេះ មិនបានចុះហ្វឹកហាត់នៅលើទីលានជាមួយមិត្តរួមក្រុមឡើយ ដោយត្រូវបន្តធ្វើលំហាត់ប្រាណស្តារកាយសម្បទាដាច់ដោយឡែកនៅក្នុងសាល។ លោក Thomas Tuchel បានទម្លាយត្រង់ៗថា Saka កំពុងមានបញ្ហាកែងជើង (Achilles problem) មិនទាន់អាចលេងពេញ ៩០ នាទីបានទេ។ ដូចនេះ រូបគេស្ទើរតែប្រាកដណាស់ថានឹងត្រូវចាប់ផ្តើមពីកៅអីបម្រុងម្តងទៀត ក្នុងជំនួបជួបក្រុមជម្រើសជាតិកាណា (Ghana) នៅទីក្រុង Boston នាថ្ងៃអង្គារខាងមុខ។ ឱកាសនេះនឹងបន្តធ្លាក់ទៅលើ Noni Madueke ក្នុងការឈរជើងជាជម្រើសដំបូងនៅស្លាបស្តាំបន្តទៀត។
ក្រៅពីនេះ ខ្សែប្រយុទ្ធឆ្នើម Harry Kane កំពុងមានឱកាសខ្ពស់ក្នុងការបំបែកកំណត់ត្រាប្រវត្តិសាស្ត្រ។ ក្រោយស៊ុតបាន ២ គ្រាប់ម្នាក់ឯងទល់នឹងក្រូអាត កើនគ្រាប់បាល់សរុបក្នុងពានរង្វាន់ World Cup បាន ១០ គ្រាប់ ស្មើនឹងកំណត់ត្រារបស់វីរៈបុរស Gary Lineker, ខ្សែប្រយុទ្ធរបស់ក្លិប Bayern Munich រូបនេះកំពុងមានគោលដៅស៊ុតបញ្ចូលទីលើក្រុមកាណា ដើម្បីក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេដាច់តែឯងក្នុងប្រវត្តិសាស្ត្រ World Cup របស់អង់គ្លេស។