Thomas Muller រីករាយនឹងជីវិតនៅកាណាដា ប៉ុន្តែសារភាពថា 'ខ្ជិល' រៀនភាសាអង់គ្លេស
អត្ថបទសរសេរដោយ Bonat • 83 views
វីរបុរសក្លិប Bayern Munich កីឡាករ Thomas Muller បានចែករំលែកពីបទពិសោធន៍ថ្មីក្នុងនាមជាប្រធានក្រុម Vancouver Whitecaps ក្នុងលីគ MLS បន្ទាប់ពីបានផ្លាស់មកកាន់ប្រទេសកាណាដាកាលពីខែសីហា។ Muller សារភាពដោយត្រង់ថា រូបគេ "ខ្ជិលពេក" ក្នុងការប្រើប្រាស់កម្មវិធី (App) ដើម្បីពង្រឹងភាសាអង់គ្លេស ទោះបីជាធ្លាប់តាំងចិត្តខ្ពស់ក៏ដោយ។ យ៉ាងណាក៏ដោយ វាមិនមែនជាឧបសគ្គក្នុងការដឹកនាំក្រុមឡើយ ដោយរូបគេនៅតែបន្តនិយាយលេងសើចច្រើនដូចមុន បើទោះជាខុសវេយ្យាករណ៍ខ្លះក៏ដោយ។ Muller បានលើកឡើងដោយរីករាយថា បច្ចុប្បន្នរូបគេកំពុងហ្វឹកហាត់ទាំងការ ច្រៀងរ៉េប (Rapping) និង ច្រៀងបែប Yodelling (ការច្រៀងបន្លឺសំឡេងប្លែកៗបែបតំបន់ភ្នំ) ជាមួយមិត្តរួមក្រុមវ័យក្មេង។
ការចូលរួមរបស់គេមានភាពជោគជ័យខ្លាំង ដោយរកបាន ៩ គ្រាប់ និង ៤ Assist ក្នុងចំណោមការប្រកួតត្រឹមតែ ១៣ លើក។ ទោះបីជាទើបតែចាញ់ក្រុម Inter Miami របស់ Messi ក្នុងវគ្គផ្តាច់ព្រ័ត្រ MLS Cup ក៏ដោយ ក៏ Muller នៅតែមានមហិច្ឆតាចង់ឈ្នះពាននៅឆ្នាំក្រោយ។ Muller បានសម្រេចចិត្ត ទុកពុកចង្ការ ដែលរូបគេចាត់ទុកថាជាការចាប់ផ្តើមនៃ "ជំពូកថ្មី" ដ៏ផ្សងព្រេងក្នុងអាជីពបាល់ទាត់របស់គេនៅអាមេរិកខាងជើង។
