Thiago Silva ផ្តាច់កុងត្រាជាមួយ Fluminense និងត្រៀមវិលត្រលប់មកអឺរ៉ុបវិញ
អត្ថបទសរសេរដោយ Bonat • 101 views
វីរបុរសខ្សែការពារសញ្ជាតិប្រេស៊ីល Thiago Silva (វ័យ ៤១ ឆ្នាំ) បានក្លាយជាកីឡាករ ភ្នាក់ងារឥតគិតថ្លៃ (Free Agent) ជាថ្មី បន្ទាប់ពីបានព្រមព្រៀង ផ្តាច់កុងត្រា មុនកំណត់ជាមួយក្លិប Fluminense កាលពីថ្ងៃអង្គារ។ មូលហេតុចម្បងដែល Silva ចាកចេញពីប្រេស៊ីល គឺដើម្បីស្វែងរកក្លិបនៅ អឺរ៉ុប លេងវិញ។ រូបគេជឿជាក់ថា ការប្រកួតប្រជែងនៅអឺរ៉ុបនឹងជួយឱ្យរូបគេមានឱកាសខ្ពស់ក្នុងការបង្ហាញសមត្ថភាពជូនគ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីល លោក Carlo Ancelotti ដើម្បីជាប់ឈ្មោះទៅប្រកួត World Cup ២០២៦។ អតីតប្រធានក្រុម Chelsea លោក John Terry បានជំរុញឱ្យក្លិបនាំយក Silva ត្រលប់មកកាន់ Stamford Bridge វិញ ដើម្បីជួយជ្រោមជ្រែងកីឡាករក្មេងៗតាមរយៈបទពិសោធន៍ដ៏សម្បូរបែប ទោះបីជាមិនបានលេងរាល់សប្តាហ៍ក៏ដោយ។
ការវិលត្រលប់មកទីក្រុងឡុងដ៍វិញ ក៏នឹងជួយឱ្យ Silva បាននៅក្បែរភរិយា និងកូនប្រុសទាំងពីររបស់គេ ដែលបច្ចុប្បន្នកំពុងហ្វឹកហាត់ក្នុងសាលាបាល់ទាត់ (Academy) របស់ Chelsea ផងដែរ។ ក្រោមការដឹកនាំរបស់លោក Enzo Maresca ក្រុម Chelsea កំពុងជួបបញ្ហាតំបន់ការពារ ដោយសារខ្សែការពារ Levi Colwill ត្រូវសម្រាករហូតដល់ចប់រដូវកាល។ បទពិសោធន៍របស់ Silva អាចជាដំណោះស្រាយដ៏ល្អសម្រាប់ក្លិប។
