Thiago Silva ត្រៀមត្រលប់មកអឺរ៉ុបវិញ៖ ក្លិប FC Porto ជាគោលដៅបន្ទាប់
អត្ថបទសរសេរដោយ Bonat • 91 views
ខ្សែការពារវ័យ ៤១ ឆ្នាំ Thiago Silva បានក្លាយជាកីឡាករមានសេរីភាព (Free Agent) សារជាថ្មី បន្ទាប់ពីបានព្រមព្រៀងបញ្ចប់កិច្ចសន្យាជាមួយក្លិប Fluminense នៅប្រេស៊ីលមុនកំណត់ ដើម្បីស្វែងរកឱកាសវិលត្រលប់មកប្រកួតប្រជែងក្នុងបាល់ទាត់អឺរ៉ុបវិញ។ យក្សព័រទុយហ្គាល់ FC Porto កំពុងចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការនាំយកបទពិសោធន៍ ១៨ ឆ្នាំនៅអឺរ៉ុបរបស់ Silva មកពង្រឹងតំបន់ការពារ។ Silva ចង់រក្សាទម្រង់លេងក្នុងកម្រិតខ្ពស់បំផុតនៅអឺរ៉ុប ដើម្បីមានឱកាសជាប់ក្នុងបញ្ជីក្រុមជម្រើសជាតិប្រេស៊ីលរបស់លោក Carlo Ancelotti សម្រាប់ព្រឹត្តិការណ៍ World Cup នាពេលខាងមុខ។ មូលហេតុចម្បងមួយទៀត គឺលោកចង់រស់នៅក្បែរគ្រួសារ ដែលបច្ចុប្បន្នកំពុងរស់នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ចាប់តាំងពីលោកលេងឱ្យ Chelsea មក។
អ្នកវិភាគបាល់ទាត់លោក Darren Bent បានជំរុញឱ្យ Chelsea នាំយក Silva ត្រលប់ទៅ Stamford Bridge វិញ ដោយលើកឡើងថា ទោះបីជាវ័យកាន់តែច្រើន ប៉ុន្តែភាពវៃឆ្លាតក្នុងការអានហ្គេម និងសមត្ថភាពដឹកនាំរបស់លោក នៅតែល្អជាងខ្សែការពារវ័យក្មេងជាច្រើននាពេលបច្ចុប្បន្ន។ ក្លិបប្រេស៊ីលបានអរគុណ Silva សម្រាប់វិជ្ជាជីវៈ និងការលះបង់ ដោយលោកបានបង្ហាញខ្លួនឱ្យក្លិបសរុប ២១២ ប្រកួត និងស៊ុតបាន ១៩ គ្រាប់។ ក្នុងអាជីពដ៏ជោគជ័យ Silva ធ្លាប់ឈ្នះពាន Serie A (Milan), Ligue 1 ចំនួន ៧ ដង (PSG), Champions League (Chelsea) និងពានរង្វាន់ Copa America ជាមួយប្រេស៊ីល។
