Spurs ប្រជែងជាមួយ Real Madrid ដណ្តើមយកកំពូលយុវជនប្រេស៊ីល Rayan
អត្ថបទសរសេរដោយ Bonat • 94 views
ក្លិប Tottenham Hotspur កំពុងជួបឧបសគ្គធំក្នុងការព្យាយាមចុះហត្ថលេខាលើខ្សែប្រយុទ្ធវ័យក្មេង Rayan (វ័យ ១៩ ឆ្នាំ) របស់ក្លិប Vasco da Gama ខណៈដែល Real Madrid ត្រៀមបញ្ចេញកញ្ចប់ថវិកាដ៏ច្រើនដើម្បីដណ្តើមយកកីឡាកររូបនេះ។ Real Madrid ត្រូវបានរាយការណ៍ថាត្រៀមសំណើប្រហែល €៥០ លានអឺរ៉ូ ដើម្បីយក Rayan មកជំនួសកន្លែង Endrick ដែលត្រៀមនឹងផ្ទេរទៅ Lyon ក្នុងលក្ខខណ្ឌខ្ចីជើង។ តម្លៃនេះលើសពីការប៉ាន់ស្មានដំបូងរបស់ Spurs ដែលមានត្រឹមតែ €៤០ លានអឺរ៉ូ។ ក្រុមការងាររបស់ Spurs បានតាមដាន និងវិភាគទម្រង់លេងរបស់ Rayan យ៉ាងយកចិត្តទុកដាក់ និងមានការចាប់អារម្មណ៍ខ្លាំងលើបច្ចេកទេស និងភាពវៃឆ្លាតរបស់គេ។ Spurs ក៏មានប្រៀបផ្នែកហិរញ្ញវត្ថុផងដែរ ក្រោយទទួលបានការវិនិយោគបន្ថែម £១០០ លានផោន ពីម្ចាស់ក្លិប។
នាយកកីឡា Barcelona លោក Deco ក៏បានតាមដាន Rayan តាំងពីគេមានអាយុ ១៥ ឆ្នាំមកម្ល៉េះ ប៉ុន្តែមិនទាន់មានសកម្មភាពច្បាស់លាស់នៅឡើយ។ Rayan មានកុងត្រាជាមួយ Vasco da Gama រហូតដល់ឆ្នាំ ២០២៨ ជាមួយតម្លៃផ្តាច់កុងត្រាខ្ពស់រហូតដល់ €៨០ លានអឺរ៉ូ។ កីឡាកររូបនេះមិនមានបំណងចាកចេញក្នុងខែមករានេះទេ ដោយចង់ផ្តោតលើការអភិវឌ្ឍខ្លួនដើម្បីជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិប្រេស៊ីលសម្រាប់ World Cup ២០២៦ រួចទើបសម្រេចចិត្តរឿងផ្ទេរទៅអឺរ៉ុបតាមក្រោយ។
