ប្រធានក្រុម Spurs កីឡាករ Cristian Romero ត្រូវរងការចោទប្រកាន់ពីសមាគមបាល់ទាត់ (FA)
អត្ថបទសរសេរដោយ Bonat • 79 views
ប្រធានក្រុម Tottenham Hotspur កីឡាករ Cristian Romero កំពុងប្រឈមមុខនឹងទណ្ឌកម្មបន្ថែមពីសមាគមបាល់ទាត់អង់គ្លេស (FA) បន្ទាប់ពីបានបង្ហាញកាយវិការមិនសមរម្យដាក់អាជ្ញាកណ្តាល ក្នុងជំនួបដែល Spurs ចាញ់ Liverpool ២-១ កាលពីថ្ងៃសៅរ៍កន្លងទៅ។ Romero ទទួលបានកាតលឿងទី២ និងកាតក្រហម បន្ទាប់ពីបានទាត់កីឡាករ Ibrahima Konate របស់ Liverpool។ មុននោះគេក៏បានទទួលកាតលឿងមួយរួចហើយដោយសារការតវ៉ាខ្លាំងៗដាក់អាជ្ញាកណ្តាល។ FA បានចោទប្រកាន់ Romero ពីបទ "ប្រព្រឹត្តអំពើមិនសមរម្យ" ដោយសាររូបគេមិនព្រមចាកចេញពីទីលានភ្លាមៗ និងបានប្រើសម្តី ឬកាយវិការគំរាមកំហែង/កាចសាហាវដាក់អាជ្ញាកណ្តាល John Brooks។ Romero មានពេលរហូតដល់ថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៦ ដើម្បីឆ្លើយតបនឹងការចោទប្រកាន់នេះ។
ក្នុងប្រកួតជាមួយគ្នានោះ ខ្សែប្រយុទ្ធ Alexander Isak របស់ Liverpool បានរងរបួសបាក់ជើង បន្ទាប់ពីការប៉ះទង្គិចជាមួយ Micky van de Ven។ Isak ត្រូវសម្រាកព្យាបាលយ៉ាងហោចណាស់ ២ ខែ។ Van de Ven បានផ្ញើសារសុំទោស Isak ដោយបញ្ជាក់ថាវាជាឧប្បត្តិហេតុអចេតនាដែលកើតឡើងក្នុងពេលគេព្យាយាមរារាំងការស៊ុតបាល់។ Tottenham នឹងត្រូវអវត្តមានទាំង Romero និង Xavi Simons (ដែលរងកាតក្រហមដោយផ្ទាល់ក្នុងប្រកួតជាមួយ Liverpool ដែរ) សម្រាប់ការប្រកួតបន្ទាប់ទល់នឹង Crystal Palace នាចុងសប្តាហ៍នេះ។ គ្រូបង្វឹកលោក Thomas Frank បានដាស់តឿន Romero ថា ក្នុងនាមជាប្រធានក្រុម គេត្រូវតែរក្សាភាពត្រជាក់ និងធ្វើជាគំរូដល់មិត្តរួមក្រុម ទោះបីជាគេជាកីឡាករដែលមានការតស៊ូខ្ពស់ (Passionate) ក៏ដោយ។ Spurs កំពុងជួបវិបត្តិបាត់បង់មេកងការពារ និងខ្សែបម្រើសំខាន់ក្នុងពេលតែមួយ ខណៈដែល Romero អាចនឹងត្រូវបន្ថែមពិន័យព្យួរជើងច្រើនប្រកួតជាងមុន ប្រសិនបើការចោទប្រកាន់របស់ FA ត្រូវបានសម្រេចជាផ្លូវការ។
