Robert Lewandowski អាចនឹងចូលរួមជាមួយ Chicago Fire ខណៈ Inter Miami ហាក់ខកខានក្នុងការដណ្តើមយក
អត្ថបទសរសេរដោយ Bonat • 76 views
ខ្សែប្រយុទ្ធ Robert Lewandowski របស់ Barcelona ត្រូវបានរាយការណ៍ថា "បើកចិត្ត" ក្នុងការផ្ទេរទៅកាន់ក្លិប Chicago Fire ក្នុងលីគ MLS ដោយឥតគិតថ្លៃនៅចុងរដូវកាលនេះ បន្ទាប់ពីការចរចាមានភាពវិជ្ជមាន។ ថ្វីត្បិតតែមានព័ត៌មានថា Inter Miami របស់ Messi ចង់បានរូបគេក៏ដោយ ប៉ុន្តែបច្ចុប្បន្ន Chicago Fire កំពុងស្ថិតក្នុងស្ថានភាព អំណោយផលបំផុត។ Lewandowski ស្ថិតក្នុង "បញ្ជីស្វែងរក" (discovery list) របស់ Chicago Fire ដែលមានន័យថា ក្រុម MLS ផ្សេងទៀតមិនអាចចុះហត្ថលេខាជាមួយគេបានឡើយ បើមិនបង់ប្រាក់ឱ្យក្លិបនេះ។ ខ្សែប្រយុទ្ធវ័យ ៣៧ ឆ្នាំ រូបនេះ ទំនងជានឹងចាកចេញពីទឹកដី Camp Nou បន្ទាប់ពីស្នាក់នៅអស់រយៈពេល ៣ ឆ្នាំ។ ដោយសារវ័យកាន់តែច្រើន និងបញ្ហារបួសសាច់ដុំញឹកញាប់ រូបគេ មិនមែនជាជម្រើសដំបូង ទៀតឡើយ ក្រោមការដឹកនាំរបស់លោក Hansi Flick។
ប្រសិនបើ Lewandowski ចាកចេញ ប្រធានក្លិបលោក Joan Laporta បានបញ្ជាក់ថា ក្លិបមានលទ្ធភាពហិរញ្ញវត្ថុក្នុងការវិនិយោគលើខ្សែប្រយុទ្ធថ្មី បើចាំបាច់។ កីឡាករដែលស្ថិតក្នុងរ៉ាដារួមមាន Victor Osimhen, Serhou Guirassy និង Etta Eyong។ Lewandowski នឹងសម្រេចចិត្តលើអនាគតរបស់ខ្លួនក្នុងពេលឆាប់ៗនេះ ខណៈដែលរូបគេក៏មានជម្រើសទៅលេងនៅ អារ៉ាប៊ីសាអូឌីត ឬ AC Milan ផងដែរ។ គោលដៅធំបំផុតរបស់គេគឺការចូលរួមប្រកួត World Cup ឆ្នាំ ២០២៦ ជាមួយជម្រើសជាតិប៉ូឡូញ។
