Rasmus Hojlund ឌឺដងឱ្យ Man Utd ក្រោយឈ្នះពានជាមួយ Napoli
អត្ថបទសរសេរដោយ Bonat • 84 views
ខ្សែប្រយុទ្ធ Rasmus Hojlund បានបង្ហោះសារឌឺដងយ៉ាងចាស់ដៃទៅកាន់ក្លិបអាណាព្យាបាល Manchester United បន្ទាប់ពីរូបគេបានឈ្នះពានរង្វាន់ជាលើកដំបូងក្នុងអាជីពជាមួយក្លិប Napoli ក្នុងលក្ខខណ្ឌខ្ចីជើង។ Hojlund និងអតីតមិត្តរួមក្រុម United ម្នាក់ទៀតគឺ Scott McTominay បានលេងពេញ ៩០ នាទី ជួយឱ្យ Napoli យកឈ្នះ Bologna ដើម្បីលើកពាន Supercoppa Italiana នៅអារ៉ាប៊ីសាអូឌីត។ ក្នុងអំឡុងពេលអបអរជ័យជម្នះ កីឡាករវ័យ ២២ ឆ្នាំរូបនេះបានបង្ហោះលើបណ្ដាញសង្គមថា៖ "នេះហើយជាលទ្ធផលនៃការសម្រេចចិត្តដ៏ត្រឹមត្រូវ" (What a great decision looks like)។ Hojlund កំពុងមានសេចក្តីសុខនៅ Napoli ដោយរកបាន ៧ គ្រាប់ និង ៣ Assists ក្នុង ១៩ ប្រកួត ខុសប្លែកដាច់ពីកាលនៅ Man Utd ដែលរូបគេស៊ុតបានត្រឹម ២៦ គ្រាប់ក្នុង ៩៥ ប្រកួត។ បន្ទាប់ពីអនុញ្ញាតឱ្យ Hojlund ចាកចេញ United បានចំណាយ £៧៤ លានផោន ទិញ Sesko ពី Leipzig។ ប៉ុន្តែខ្សែប្រយុទ្ធថ្មីរូបនេះរកបានត្រឹម ២ គ្រាប់ ប៉ុណ្ណោះក្នុង ១៤ ប្រកួត និងកំពុងជួបបញ្ហារបួសទៀតផង។
អ្នកវិភាគយល់ថា United បានសម្រេចចិត្តខុសដែលលក់កីឡាករដែលមានល្បឿនលឿនដូច Hojlund ហើយជំនួសមកវិញនូវកីឡាករដែលមិនទាន់ស៊ាំនឹងបាល់ទាត់អង់គ្លេស។ Napoli មានសិទ្ធិទិញផ្ដាច់ Hojlund ក្នុងឆ្នាំ ២០២៦ ក្នុងតម្លៃត្រឹមតែ £៣៨ លានផោន ($៥១ លានដុល្លារ) ប៉ុណ្ណោះ។ ប្រសិនបើកិច្ចព្រមព្រៀងនេះកើតឡើង Man Utd នឹងត្រូវខាតបង់ទឹកប្រាក់ជិតពាក់កណ្តាល បើធៀបនឹងតម្លៃ £៧២ លានផោន ដែលពួកគេបានទិញ Hojlund ពី Atalanta កាលពីឆ្នាំ ២០២៣។ Rasmus Hojlund ហាក់គ្មានបំណងចង់ត្រលប់ទៅកាន់ទឹកដី Old Trafford វិញឡើយ ខណៈដែលរូបគេកំពុងសាងភាពលេចធ្លោនៅ Serie A ជាមួយ Napoli។
