បងប្អូនជីដូនមួយ Raphinha ចេញមុខបកអាក្រាត និងព្រមានវីរៈបុរសប្រេស៊ីលរឿងដើរផ្សាយ «ព័ត៌មានកុហក» ថា Raphinha ចង់រត់ទៅអារ៉ាប៊ីសាអូឌីត
អត្ថបទសរសេរដោយ Danny • 41 views
ក្រុមគ្រួសាររបស់ខ្សែប្រយុទ្ធស្លាបក្លិប Barcelona កីឡាករ Raphinha បានចេញមុខច្រានចោលយ៉ាងដាច់អហង្ការចំពោះការអះអាងរបស់លោក Vampeta អតីតខ្សែបម្រើជម្រើសជាតិប្រេស៊ីលឈ្នះពានរង្វាន់ World Cup ឆ្នាំ ២០០២ ដែលបានលើកឡើងថា Raphinha កំពុងជួបវិបត្តិហិរញ្ញវត្ថុ និងបញ្ហាគ្រួសារធ្ងន់ធ្ងរ។ លោក Vampeta បាននិយាយនៅក្នុងកម្មវិធីផតខាស Red Cast ថា បញ្ហាទាំងនេះហើយទើបធ្វើឱ្យតារាឆ្នើមរបស់ប្រេស៊ីលរូបនេះ បន់ស្រន់ចង់ផ្ទេរទៅរួមរស់ជាមួយក្លិប Al-Hilal នៅលីគអារ៉ាប៊ីសាអូឌីត ដើម្បីស្រោចស្រង់ស្ថានការណ៍។
ភ្លាមៗបន្ទាប់ពីវីដេអូនោះត្រូវបានចែកចាយនៅលើបណ្តាញសង្គម បងប្អូនជីដូនមួយរបស់ Raphinha គឺលោក Igor Padilha បានចេញមុខមកឆ្លើយតប និងវាយបកចំៗទៅកាន់លោក Vampeta តាមរយៈសារព័ត៌មាន Marca ថា៖ «អ្នកឯងនឹងត្រូវចេញមុខមកបកស្រាយរឿងរ៉ាវកុហកទាំងអស់នេះហើយ មិត្តភក្តិ!»។ មកទល់ពេលនេះ ខាងភាគីរបស់កីឡាករមិនបានបង្ហាញសញ្ញាណណាមួយថាមានវិបត្តិដូចការចោទប្រកាន់ឡើយ ខណៈដែលសាមីខ្លួនតែងតែបង្ហាញភាពរីករាយក្នុងការរស់នៅក្លិប Barcelona ចាប់តាំងពីផ្ទេរមកកាលពីឆ្នាំ ២០២២។
បច្ចុប្បន្ន ភារកិច្ចចម្បងរបស់ Raphinha គឺការផ្ដោតលើការស្តារកាយសម្បទាឡើងវិញ បន្ទាប់ពីបានរងរបួសសាច់ដុំនៅក្នុងជំនួបដែលប្រេស៊ីលឈ្នះហៃទី ៣-០ ក្នុងព្រឹត្តិការណ៍ World Cup 2026។ ថ្វីត្បិតតែមានការរាយការណ៍ថា លោក Carlo Ancelotti នឹងមិនកាត់ឈ្មោះគេចេញពីបញ្ជីឡើយ ប៉ុន្តែ Raphinha ត្រូវបានគេរំពឹងថានឹងមិនអាចចូលលេងក្នុងជំនួបចុងក្រោយក្នុងពូល Group C ដែលប្រេស៊ីលត្រូវតទល់នឹងស្កុតឡែន (Scotland) នោះឡើយ។