Paris Saint-Germain បាមចុះហត្ថលេខាលើតារាវ័យក្មេងកូនកាត់អេស្ប៉ាញ-ហ្វីលីពីនពីក្លិបអ្នកមានបុណ្យ Barcelona ជាផ្លូវការ
អត្ថបទសរសេរដោយ Dany • 83 views
ក្លិបយក្សបារាំង Paris Saint-Germain បានបញ្ចប់ការចុះហត្ថលេខាជាមួយកីឡាករកូនកាត់អេស្ប៉ាញ-ហ្វីលីពីន Dro Fernandez ពីក្លិប Barcelona បន្ទាប់ពីការចរចាររវាងក្លិបទាំងពីរ បានដំណើរការយ៉ាងរលូនក្នុងសប្តាហ៍នេះ។
តាមប្រភពព័ត៌មាន កិច្ចព្រមព្រៀងផ្ទេរនេះ មានតម្លៃចុងក្រោយលើសពី 6 លានអឺរ៉ូ បន្តិច ដែលបង្ហាញពីការជឿជាក់របស់ PSG ចំពោះសក្តានុពល និងអនាគតរបស់កីឡាករវ័យក្មេងរូបនេះ។ ការផ្ទេរនេះត្រូវបានបញ្ចប់ជាផ្លូវការតាំងពីសប្តាហ៍មុន បន្ទាប់ពីភាគីទាំងអស់ឈានដល់ការព្រមព្រៀងគ្នា។
Dro Fernandez បានធ្វើដំណើរមកដល់ទីក្រុងប៉ារីស ដើម្បីធ្វើការពិនិត្យសុខភាព និងចុះហត្ថលេខាលើកិច្ចសន្យាផ្លូវការជាមួយ Paris Saint-Germain ដែលជាជំហានដ៏សំខាន់មួយ ក្នុងអាជីពបាល់ទាត់របស់គាត់។
សម្រាប់ Dro ការចាកចេញពី Barcelona គឺជាការសម្រេចចិត្តដើម្បីស្វែងរក “ទ្រនំថ្មី” និងឱកាសលេងច្រើនជាងមុន ក្នុងគោលបំណងកសាងអនាគត និងអភិវឌ្ឍខ្លួននៅកម្រិតខ្ពស់។ ខណៈ PSG ក៏បន្តបង្ហាញយុទ្ធសាស្ត្រវិនិយោគលើកីឡាករវ័យក្មេង ដែលអាចក្លាយជាផ្នែកសំខាន់នៃគម្រោងរយៈពេលវែងរបស់ក្លិប។
ការផ្ទេរនេះ ត្រូវបានមើលឃើញថាជាជំហានវិជ្ជមាន សម្រាប់ទាំងភាគីកីឡាករ និងក្លិប ខណៈអ្នកគាំទ្រកំពុងរង់ចាំមើលថា Dro Fernandez នឹងអាចបង្ហាញសមត្ថភាព និងបោះជំហានទៅមុខបានដល់កម្រិតណា នៅលើឆាកបាល់ទាត់អឺរ៉ុប។