ល័ក្ខខ័ណ្ឌដ៏អស្ចារ្យរបស់ Neymar Jr. កាលដែលនៅ Al-Hilal នៅតែបង្កការចាប់អារម្មណ៍ខ្លាំងដល់អ្នកគាំទ្រ
អត្ថបទសរសេរដោយ Dany • 90 views
នៅឆ្នាំ 2023, Neymar Jr. បានចុះហត្ថលេខាជាមួយក្លឹប Al-Hilal និងក្លាយជាឈ្មោះដែលទាក់ទាញការចាប់អារម្មណ៍ខ្លាំងបំផុតមួយនៅ Saudi Pro League។ ការផ្ទេររបស់តារាបាល់ទាត់សញ្ជាតិប្រេស៊ីលរូបនេះ មិនត្រឹមតែបង្កើតភាពល្បីល្បាញនៅលើទីលានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យមហាជនភ្ញាក់ផ្អើលចំពោះល័ក្ខខ័ណ្ឌផ្ទាល់ខ្លួនជាច្រើនដែលគាត់បានទាមទារ។
តាមការរាយការណ៍ Neymar បានស្នើសុំបុគ្គលិកធ្វើការពេញម៉ោងចំនួន 5 នាក់នៅផ្ទះ រួមមានចុងភៅផ្ទាល់ខ្លួនម្នាក់ និងអ្នកសម្អាត 2 នាក់។ លើសពីនេះ គាត់បានទាមទារផ្ទះមួយដែលមានបន្ទប់យ៉ាងហោចណាស់ 25 បន្ទប់ ដើម្បីស្នាក់នៅជាមួយក្រុមគ្រួសារ និងមិត្តភក្តិ។
ក្នុងកិច្ចសន្យាក៏បានបញ្ជាក់ថា ទូរទឹកកករបស់គាត់ត្រូវតែមានអាហារនិងភេសជ្ជៈពេញគ្រប់ពេល ជាពិសេសទឹកផ្លែឈើ açaí និងភេសជ្ជៈ guaraná ដែលគាត់ចូលចិត្ត។ Neymar ក៏បានស្នើសុំយន្តហោះឯកជន ដែលអាចប្រើប្រាស់បានគ្រប់ពេលតាមតម្រូវការ។
បន្ថែមពីនេះ គាត់បានទាមទាររថយន្តប្រណីតជាច្រើនសម្រាប់ខ្លួន និងក្រុមគ្រួសារ រួមមាន Bentley Continental GT, Aston Martin DBX, Lamborghini Huracán និង Mercedes G-Wagon ចំនួនបួនគ្រឿង។ មិនត្រឹមតែប៉ុណ្ណោះ Neymar ក៏អាចរកចំណូលប្រមាណ 500,000 អឺរ៉ូ សម្រាប់ការបង្ហោះលើ Instagram ឬការផ្សព្វផ្សាយអំពីទេសចរណ៍នៅអារ៉ាប៊ីសាអូឌីតផងដែរ។
ទោះជាមានល័ក្ខខ័ណ្ឌដ៏អស្ចារ្យទាំងនេះ ការរួមចំណែករបស់ Neymar នៅលើទីលានវិញ មិនសូវដូចការរំពឹងទុកឡើយ ដោយក្នុងរយៈពេលពីរឆ្នាំ គាត់បានលេងត្រឹមតែ 7 ប្រកួត បញ្ចូលទីបាន 1 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបាន 2 លើកប៉ុណ្ណោះ។