Neymar ផ្តល់ "សន្យា" ជូនប្រជាជនប្រេស៊ីល និងផ្ញើសារទៅកាន់លោក Carlo Ancelotti មុន World Cup 2026
អត្ថបទសរសេរដោយ Bonat • 78 views
កំពូលតារាបាល់ទាត់ Neymar ក្នុងវ័យ ៣៣ ឆ្នាំ បានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ក្នុងការវិលត្រលប់មកកាន់ក្រុមជម្រើសជាតិប្រេស៊ីលវិញ ដើម្បីប្រជែងពានរង្វាន់ពិភពលោកឆ្នាំ ២០២៦ បន្ទាប់ពីទទួលបានជោគជ័យក្នុងការវះកាត់ជង្គង់។ ក្លិប Santos បានបញ្ជាក់ថា Neymar បានវះកាត់របួសឆ្អឹងខ្ចីជង្គង់ (Medial Meniscus) ដោយជោគជ័យកាលពីដើមសប្តាហ៍នេះ។ គេរំពឹងថា Neymar ត្រូវការពេលប្រហែល ១ ខែ ដើម្បីងើបឡើងវិញ និងអាចចូលហ្វឹកហាត់វិញបាន។ នេះគឺជាជំហានសំខាន់ដើម្បីពង្រឹងកាយសម្បទាឱ្យទាន់ការប្រកួត World Cup នៅរដូវក្តៅខាងមុខ។ ក្នុងកម្មវិធីតន្ត្រីមួយ Neymar បាននិយាយទៅកាន់អ្នកគាំទ្រថា៖ "យើងនឹងធ្វើគ្រប់យ៉ាង ទោះបីជារឿងដែលមិនអាចទៅរួចក៏ដោយ ដើម្បីនាំយកពាន World Cup ត្រលប់មកប្រេស៊ីលវិញ"។ គេថែមទាំងសន្យាថានឹងស៊ុតបញ្ចូលទី បើក្រុមឡើងដល់វគ្គផ្តាច់ព្រ័ត្រ។
Neymar បានផ្ញើសារទៅកាន់លោក Carlo Ancelotti (គ្រូថ្មីប្រេស៊ីល) ឱ្យជួយផ្តល់ឱកាសដល់រូបគេ។ លោក Ancelotti បានឆ្លើយតបថា ទ្វារនៅតែបើកចំហសម្រាប់ Neymar ប៉ុន្តែការសម្រេចចិត្តចុងក្រោយនឹងធ្វើឡើងនៅខែឧសភា ផ្អែកលើទម្រង់លេងជាក់ស្តែង។ Neymar បានដើរតួយ៉ាងសំខាន់ក្នុងការជួយ Santos ឱ្យជៀសផុតពីការធ្លាក់ថ្នាក់ ដោយស៊ុតបាន ៤ គ្រាប់ ក្នុង ៣ ប្រកួតចុងក្រោយ។ ទោះបីជាមានការចាប់អារម្មណ៍ពី Inter Miami ក៏ដោយ ប៉ុន្តែ Neymar បានផ្តល់អាទិភាពដល់ Santos។ បច្ចុប្បន្ន គេកំពុងចរចាឈានដល់ដំណាក់កាលចុងក្រោយដើម្បី បន្តកិច្ចសន្យារយៈពេល ៦ ខែបន្ថែមទៀត រហូតដល់ចប់ World Cup ២០២៦។ បន្ទាប់ពីឆ្លងកាត់របួសរ៉ាំរ៉ៃ Neymar កំពុងដាក់គោលដៅជីវិតចុងក្រោយលើពានរង្វាន់ World Cup ២០២៦ ដោយព្យាយាមពង្រឹងកាយសម្បទា និងបន្តស្នាក់នៅក្លិបដំបូងរបស់គេ ដើម្បីបង្ហាញលោក Ancelotti ថាគេនៅតែជាកម្លាំងសំខាន់របស់ប្រេស៊ីល។
