Murillo៖ ខ្សែការពារដែលអាចនឹងមានតម្លៃខ្លួន £១០០ លានផោនដំបូងគេក្នុងលោក
អត្ថបទសរសេរដោយ Bonat • 90 views
កីឡាករ Murillo របស់ក្លិប Nottingham Forest កំពុងត្រូវបានគេព្យាករណ៍ថា អាចនឹងក្លាយជាខ្សែការពារដំបូងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដែលមានតម្លៃខ្លួនដល់ទៅ £១០០ លានផោន ($១៣៤ លានដុល្លារ) ខណៈក្លិបយក្សដូចជា Real Madrid និង Barcelona កំពុងចាប់អារម្មណ៍។ ទោះបីជាខ្សែការពារកណ្តាល ប៉ុន្តែ Murillo មានបច្ចេកទេសបែបប្រេស៊ីលពិតៗ។ គេមានជើងឆ្វេងដ៏ពូកែដែលអាចបញ្ជូនបាល់បានឆ្ងាយៗ និងមានសមត្ថភាពអូសបាល់ឡើងទៅមុខដោយទំនុកចិត្ត។ វីរបុរសក្លិបលោក Stuart Pearce បានប្រៀបធៀបរូបរាងគេទៅនឹង "SpongeBob" ដោយសារកាយសម្បទារឹងមាំដូចជញ្ជាំង ប៉ុន្តែមានល្បឿនលឿន និងការអានហ្គេមបានយ៉ាងល្អ។ ក្នុងវ័យ ២៣ ឆ្នាំ គេបង្ហាញខ្លួនក្នុង Premier League បានជិត ៨០ ប្រកួត និងបានជាប់ជម្រើសជាតិប្រេស៊ីលរួចជាស្រេច ដោយកំពុងសម្លឹងរកកៅអីសម្រាប់ World Cup ២០២៦។
អតីតខ្សែប្រយុទ្ធ Forest លោក Stan Collymore ជឿជាក់ថា Murillo អាចនឹងបំបែកកំណត់ត្រាតម្លៃខ្លួនខ្សែការពារថ្លៃបំផុតក្នុងលោក ប្រសិនបើគេបន្តរក្សាទម្រង់លេងបែបនេះ។ បច្ចុប្បន្ន Murillo មានកិច្ចសន្យាជាមួយ Forest រហូតដល់ឆ្នាំ ២០២៩ ដែលនេះជាចំណុចខ្លាំងសម្រាប់ក្លិបក្នុងការទាមទារតម្លៃខ្លួនខ្ពស់បំផុតពីក្លិបដែលចង់បានគេ។ អ្នកជំនាញយល់ថា គេមានសមត្ថភាពគ្រប់គ្រាន់ក្នុងការលេងឱ្យក្លិបធំៗដែលប្រើប្រាស់ប្រព័ន្ធសម្រុកខ្លាំងដូចជា Real Madrid ឬ Barcelona។ វត្តមានរបស់គេចាប់ដៃគូជាមួយ Nikola Milenkovic បានធ្វើឱ្យតំបន់ការពាររបស់ Forest កាន់តែរឹងមាំ និងស័ក្តិសមបំផុតសម្រាប់យុទ្ធសាស្ត្រវាយបក (Counter-attack)។ ក្លិបចង់រក្សាគេឱ្យនៅបន្តយ៉ាងហោចណាស់ ២ ទៅ ៣ ឆ្នាំទៀត ប៉ុន្តែសម្ពាធពីក្លិបយក្សអឺរ៉ុបអាចនឹងធ្វើឱ្យមានការផ្លាស់ប្តូរឆាប់ៗ។
