Mbappé ឈ្នះក្តីជាផ្លូវការលើ PSG តុលាការបានបង្គាប់ឱ្យក្លឹបយក្សបារាំង PSG សងប្រាក់ជាង ៦១ លានអឺរ៉ូ
អត្ថបទសរសេរដោយ Dany • 89 views
កីឡាករឆ្នើមសញ្ជាតិបារាំង Kylian Mbappé បានឈ្នះសំណុំរឿងច្បាប់ប្រឆាំងនឹងក្លិប Paris Saint-Germain (PSG) ជាស្ថាពរ បន្ទាប់ពីតុលាការបានសម្រេចបដិសេធការតវ៉ារបស់ក្លិប និងបង្គាប់ឱ្យ PSG សងប្រាក់ជូន Mbappé ប្រមាណ ៦១ លានអឺរ៉ូ។
ប្រាក់សំណងនេះ រួមមានប្រាក់ខែដែលមិនទាន់បានបង់ ប្រាក់បំណាច់ និងការទូទាត់ផ្សេងៗ ដែល Mbappé បានដាក់ពាក្យតវ៉ាក្រោយការចែកផ្លូវគ្នាជាមួយក្លិប។ ការសម្រេចរបស់តុលាការ បានបញ្ជាក់ថា ការអះអាងរបស់ PSG មិនមានមូលដ្ឋានគ្រប់គ្រាន់ក្នុងផ្លូវច្បាប់ឡើយ។
លទ្ធផលនេះ ត្រូវបានមើលឃើញថាជាជ័យជម្នះដ៏សំខាន់សម្រាប់ Mbappé មិនត្រឹមតែផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបញ្ជាក់ពីសិទ្ធិ និងឋានៈរបស់គាត់ក្នុងវិស័យបាល់ទាត់អាជីពផងដែរ។ ជាមួយនឹងការឈ្នះក្តីនេះ Mbappé អាចផ្តោតអារម្មណ៍ពេញលេញលើអាជីពថ្មី និងអនាគតរបស់ខ្លួន ដោយគ្មានភាពច្របូកច្របល់ពីបញ្ហាច្បាប់ទៀតឡើយ។