Luis Suarez បន្តកុងត្រាថ្មីជាមួយ Inter Miami៖ តួនាទីកាន់តែតូច តែតម្លៃនៅតែមាន
អត្ថបទសរសេរដោយ Bonat • 97 views
វីរបុរសខ្សែប្រយុទ្ធ Luis Suarez បានសម្រេចចិត្តបន្តកុងត្រារយៈពេល ១ ឆ្នាំ បន្ថែមទៀតជាមួយក្លិប Inter Miami រហូតដល់ចប់រដូវកាល ២០២៦។ ទោះជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងនេះត្រូវបានគេមើលឃើញថាមានប្រសិទ្ធភាព លុះត្រាតែរូបគេយល់ព្រមទទួលយកតួនាទីជាកីឡាករបម្រុង។ Suarez នឹងឈានចូលវ័យ ៣៩ ឆ្នាំ នៅខែមករាខាងមុខ។ រូបគេធ្លាប់សារភាពថាត្រូវប្រើប្រាស់ថ្នាំ និងចាក់ថ្នាំមុនរាល់ការប្រកួត ដើម្បីកាត់បន្ថយការឈឺចាប់ជង្គង់ដ៏ធ្ងន់ធ្ងរ។ ក្នុងរដូវកាល ២០២៥ រូបគេរកបានត្រឹម ១០ គ្រាប់ ក្នុងលីគ (ធ្លាក់ចុះពី ២១ គ្រាប់កាលពីឆ្នាំ ២០២៤) ហើយអត្រាបំប្លែងការស៊ុតបញ្ជូលទីបានធ្លាក់ចុះពាក់កណ្តាល (ពី ២៦% មកត្រឹម ១៣%)។ ក្នុងអំឡុងពេលប្រកួតវគ្គ Playoff ដើម្បីឈ្នះពាន MLS Cup លើកដំបូងក្នុងប្រវត្តិសាស្ត្រក្លិប Suarez បានលេងត្រឹមតែ ២១ នាទី ប៉ុណ្ណោះ ខណៈក្រុមលេងបានយ៉ាងរលូន និងមានតុល្យភាពជាងមុននៅពេលរូបគេនៅលើកៅអីបម្រុង។
ការរក្សា Suarez ឱ្យនៅបន្ត គឺជាកត្តាសំខាន់ក្នុងការធ្វើឱ្យ Lionel Messi មានភាពសប្បាយរីករាយក្នុងក្រុម ខណៈមិត្តជិតស្និទ្ធពីររូបទៀតគឺ Jordi Alba និង Sergio Busquets បានចាកចេញទៅហើយ។ Inter Miami មិនបានប្រើប្រាស់កញ្ចប់ថវិកា "កីឡាករពិសេស" (Designated Player) សម្រាប់រូបគេឡើយ ដែលធ្វើឱ្យក្លិបនៅតែមានភាពបត់បែនក្នុងការទិញកីឡាករថ្មីៗ (ដូចជាអ្នកចាំទី Dayne St. Clair)។ ទោះបីជាល្បឿនធ្លាក់ចុះ ប៉ុន្តែបទពិសោធន៍ និងឥទ្ធិពលរបស់គេក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ នៅតែជាទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់ក្លិប។ ម្ចាស់ក្លិបលោក Jorge Mas និងគ្រូបង្វឹក Javier Mascherano បានបញ្ជាក់ថា ការសម្រេចចិត្តគឺស្ថិតនៅលើ Suarez។ ប្រសិនបើរូបគេព្រមធ្វើជា "អាវុធសម្ងាត់" ចេញពីកៅអីបម្រុង ឬជាកីឡាករប្តូរវេន នោះរូបគេនឹងនៅតែអាចជួយក្រុមប្រជែងពានរង្វាន់ធំៗជាច្រើនទៀតនៅឆ្នាំក្រោយ។
