Lucas Paqueta រំភើបចិត្តខ្លាំងក្រោយឃើញ «រៀមច្បង» Neymar ត្រឡប់មកហ្វឹកហាត់វិញ មុនជំនួបកាត់សេចក្តីជាមួយស្កុតឡែន
អត្ថបទសរសេរដោយ Danny • 32 views
ខ្សែបម្រើឆ្នើមរបស់ក្រុមជម្រើសជាតិប្រេស៊ីល Lucas Paqueta បានសម្តែងការត្រេកអរយ៉ាងខ្លាំង ចំពោះការត្រឡប់មកកាន់ទីលានហ្វឹកហាត់វិញរបស់កំពូលតារាឆ្នើម Neymar។ ខ្សែប្រយុទ្ធរបស់ក្លិប Santos រូបនេះ បានខកខានការចូលលេងក្នុងពីរប្រកួតដំបូងនៃព្រឹត្តិការណ៍ World Cup 2026 (ស្មើម៉ារ៉ុក ១-១ និងឈ្នះហៃទី ៣-០) ដោយសារតែបញ្ហារបួសកំភួនជើង ប៉ុន្តែពេលនេះរូបគេកំពុងខិតជិតក្នុងការត្រឡប់មកជួយក្រុមវិញហើយ នៅក្នុងទីក្រុង Miami។
នៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃអាទិត្យ កីឡាកររបស់ក្លិប Flamengo រូបនេះបានថ្លែងថា៖ «ពួកយើងទាំងអស់គ្នាពិតជាសប្បាយចិត្តណាស់ដែលបានឃើញគាត់ត្រឡប់មកហ្វឹកហាត់នៅលើទីលានជាមួយយើងវិញ។ Neymar គឺជាកីឡាករដ៏សំខាន់បំផុតសម្រាប់ក្រុមជម្រើសជាតិប្រេស៊ីល។ គាត់មានប្រវត្តិសាស្ត្រដ៏អស្ចារ្យជាមួយអាវមួយនេះ ហើយគាត់នៅតែអាចជួយយើងបានច្រើន។ យើងសង្ឃឹមថាគាត់នឹងអាចចូលលេងបានឆាប់ៗតាមដែលអាចធ្វើទៅបាន»។ ប្រសិនបើ Neymar អាចឆ្លងកាត់ការវាយតម្លៃកាយសម្បទា និងបានចូលលេងនោះ វានឹងក្លាយជាការបង្ហាញខ្លួនក្នុងការប្រកួតផ្លូវការដំបូងបង្អស់របស់គេឱ្យប្រេស៊ីល គិតចាប់តាំងពីឆ្នាំ ២០២៣ មក។
ទោះជាយ៉ាងណាក៏ដោយ ស្របពេលដែលទទួលបានដំណឹងល្អពី Neymar ក្រុមប្រេស៊ីលក៏ត្រូវប្រឈមមុខនឹងព័ត៌មានអកុសល ដោយសារតែខ្សែប្រយុទ្ធស្លាបរបស់ក្លិប Barcelona គឺកីឡាករ Raphinha បានរងរបួសសាច់ដុំភ្លៅ (Hamstring) និងត្រូវសម្រាកព្យាបាល ដោយមិនទាន់ច្បាស់ថានឹងអាចត្រឡប់មកជួយក្រុមវិញបាននៅពេលណានៅឡើយ។ Paqueta បានបញ្ជាក់ថា ក្រុមទាំងមូលកំពុងតែឈរនៅក្បែរ និងផ្តល់កម្លាំងចិត្តគ្រប់បែបយ៉ាងដើម្បីជួយឱ្យអតីតតារាឆ្នើមរបស់ Leeds United រូបនេះឆាប់ជាសះស្បើយ។
សម្រាប់ការប្រកួតបន្ទាប់ ប្រេស៊ីលត្រូវតទល់នឹងក្រុមជម្រើសជាតិស្កុតឡែន (Scotland) នៅកីឡដ្ឋាន Miami Stadium។ ថ្វីត្បិតតែប្រេស៊ីលជាម្ចាស់ជើងឯកពិភពលោក ៥ ជំនាន់ និងកំពុងឈរកំពូលតារាងមាន ៤ ពិន្ទុក៏ដោយ ក៏ Paqueta មិនមានការមើលស្រាលគូប្រកួតឡើយ ព្រោះស្កុតឡែនក្រោមការដឹកនាំរបស់លោក Steve Clarke ក៏កំពុងត្រូវការលទ្ធផលល្អដើម្បីបង្កើតប្រវត្តិសាស្ត្រឡើងទៅវគ្គបន្តជាលើកដំបូងរបស់ពួកគេដូចគ្នា។ ម្យ៉ាងវិញទៀត ប្រេស៊ីលត្រូវតែស្វែងរកជ័យជម្នះដាច់ខាតដើម្បីរក្សាតំណែងលេខ ១ ក្នុងពូល Group C ព្រោះក្រុមលេខ ២ ម៉ារ៉ុក (មាន ៤ ពិន្ទុស្មើគ្នា) ត្រូវជួបក្រុមបាតតារាងហៃទីដែលបានធ្លាក់ទៅហើយ។