Liverpool បារម្ភថា Alexander Isak អាចនឹង "បាក់ជើង" ក្រោយរងរបួសក្នុងជំនួបជាមួយ Spurs
អត្ថបទសរសេរដោយ Bonat • 91 views
ក្លិប Liverpool កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពរបួសរបស់ខ្សែប្រយុទ្ធ Alexander Isak បន្ទាប់ពីការពិនិត្យបឋមបង្ហាញថា រូបគេអាចនឹងមានសភាពធ្ងន់ធ្ងរដល់ថ្នាក់ "បាក់ជើង" ក្នុងជ័យជម្នះ ២-១ លើក្រុម Tottenham កាលពីថ្ងៃសៅរ៍។ Isak ត្រូវបានប្តូរចូលនៅដើមវគ្គទី ២ និងបានស៊ុតបញ្ចូលទីនាំមុខនៅនាទី ៥៦។ ប៉ុន្តែក្នុងពេលស៊ុតនោះ ខ្សែការពារ Micky van de Ven បានស្លាយ (Slide) មកទប់បាល់ក្នុងល្បឿនលឿន ដែលធ្វើឱ្យជើងរបស់ Isak គៀបជាប់ក្នុងស្ថានភាពដ៏គ្រោះថ្នាក់។ ជំនួសឱ្យការអបអរសាទរគ្រាប់បាល់ Isak បានដេករមួលខ្លួនដោយការឈឺចាប់ និងសុំជំនួយពីគ្រូពេទ្យភ្លាមៗ។ គ្រូបង្វឹកលោក Arne Slot បានបញ្ជាក់ថា ការដែលកីឡាករម្នាក់ស៊ុតចូលហើយ មិនទាំងព្យាយាមក្រោកមកលេងបន្ត គឺជាសញ្ញាអាក្រក់បំផុត។ យោងតាម The Athletic ក្លិបកំពុងរង់ចាំលទ្ធផលស្កេន MRI ប៉ុន្តែសញ្ញាដំបូងបង្ហាញថាជាបួស "ធ្ងន់ធ្ងរ"។
នេះគឺជាគ្រាប់បាល់ទី ២ ប៉ុណ្ណោះក្នុង Premier League សម្រាប់ Isak ចាប់តាំងពីផ្ទេរមកក្នុងតម្លៃកំណត់ត្រា £១២៥ លានផោន។ អវត្តមានរបស់ Isak នឹងធ្វើឱ្យបន្ទុកធ្លាក់លើ Hugo Ekitike ដែលកំពុងមានទម្រង់លេងល្អ (ស៊ុតបាន ១០ គ្រាប់ក្នុងរដូវកាលនេះ)។ ស្របពេលជាមួយគ្នានេះ Mohamed Salah ក៏កំពុងជាប់ភារកិច្ចនៅ AFCON ដែលធ្វើឱ្យតំបន់ប្រយុទ្ធ Liverpool កាន់តែខ្វះកម្លាំង។ មានពាក្យចចាមអារ៉ាមថា Liverpool អាចនឹងហៅ Harvey Elliott ត្រលប់មកពីខ្ចីជើងនៅ Aston Villa វិញនាខែមករាខាងមុខ ដើម្បីបង្កើនជម្រើសតំបន់ប្រយុទ្ធ។
