ក្រុមអាហ្សង់ទីន ឈរការពារ Lionel Messi ជុំវិញព័ត៌មានមិនពិតរឿងឪពុកបង្កើត ខណៈគ្រូបង្វឹក Lionel Scaloni បញ្ជាក់ពីភាពរឹងមាំនៃផ្ទៃក្នុងក្រុម
អត្ថបទសរសេរដោយ Danny • 30 views
ការត្រៀមខ្លួនរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន (Argentina) សម្រាប់ការប្រកួតទីពីរក្នុងពូលទល់នឹងក្រុមអូទ្រីស ត្រូវបានរំខានដោយពាក្យចចាមអារ៉ាមមិនពិតដ៏រន្ធត់មួយដែលបានផ្សព្វផ្សាយថា លោក Jorge ដែលជាឪពុកបង្កើតរបស់ប្រធានក្រុម Lionel Messi បានទទួលមរណភាព។ ព័ត៌មានក្លែងក្លាយនេះបានផ្ទុះឡើងយ៉ាងខ្លាំង បន្ទាប់ពីពិធីការិនីទូរទស្សន៍ម្នាក់របស់ស្ថានីយ Luzu TV បានប្រកាសខុសផ្ទាល់ក្នុងកម្មវិធី ដែលបង្កការប៉ះទង្គិចផ្លូវចិត្តយ៉ាងខ្លាំងដល់គ្រួសារ Messi ក្នុងកំឡុងពេលប្រកួតពានរង្វាន់ World Cup 2026 នេះ (ពិធីការិនីរូបនោះបានប្រកាសលាលែងពីតំណែង ហើយបុគ្គលិកពាក់ព័ន្ធមួយចំនួនក៏ត្រូវបានបញ្ឈប់ពីការងារផងដែរ)។ ក្រោយមក គ្រួសាររបស់ Messi បានបកស្រាយថា លោក Jorge កំពុងតែទទួលការព្យាបាល និងមានស្ថានភាពធូរស្រាលជាវិជ្ជមានឡើងវិញហើយ។
មុនជំនួបទល់នឹងក្រុមអូទ្រីស នៅក្នុងរដ្ឋតិចសាស់ គ្រូបង្វឹកលោក Lionel Scaloni បានចេញមុខទាត់ចោលពាក្យចចាមអារ៉ាម និងបង្ហាញពីធ្លុងសាមគ្គីភាពក្នុងក្រុមថា៖ «ពួកយើងមិនអីទេ ហើយបានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតថ្ងៃស្អែក។ ពួកយើងជឿជាក់យ៉ាងមុតមាំថា គឺក្រុមទាំងមូលនេះហើយដែលរួមគ្នាឆ្លងកាត់ទាំងស្ថានភាពល្អ និងអាក្រក់។ យើងដឹងថាការនៅក្បែរមិត្តភក្តិគឺជារឿងល្អបំផុត ហើយនោះជាអ្វីដែលយើងទាំងអស់គ្នាមានអារម្មណ៍ និងចង់ឱ្យ Leo ទទួលបានវាដូចគ្នា។ ខ្ញុំមិនចង់និយាយអ្វីបន្ថែមលើប្រធានបទនេះទៀតទេ»។
ទាក់ទងនឹងការប្រកួតវិញ លោក Scaloni បានទទួលស្គាល់ថា អូទ្រីសគឺជាគូប្រកួតដ៏រឹងមាំ មានការរៀបចំក្រុមបានល្អ និងមានការលេងវាយសម្រុកលឿនៗ ដែលទាមទារឱ្យអាហ្សង់ទីនត្រូវមានការប្រុងប្រយ័ត្នខ្ពស់។ បន្ទាប់ពីបានបើកឆាកយកឈ្នះអាលហ្សេរី ៣-០ តាមរយៈការស៊ុត Hat-trick របស់ Messi មក ពេលនេះក្រុមមេឃខៀវសរទស្សន៍កំពុងមានឱកាសខ្ពស់ក្នុងការស្វែងរកជ័យជម្នះមួយទៀត ដើម្បីកក់កៅអីឡើងទៅវគ្គ ៣២ ក្រុមចុងក្រោយ។