Lewandowski និយាយពីតួនាទី និងបទពិសោធន៍របស់គាត់នៅ Barcelona
អត្ថបទសរសេរដោយ Dany • 89 views
ខ្សែប្រយុទ្ធជួរមុខ Robert Lewandowski បានផ្តល់ បទសម្ភាស៍ដ៏មានអត្ថន័យ មួយ អំពីបទពិសោធន៍ និងតួនាទីរបស់គាត់ បន្ទាប់ពីបានមកចូលរួមជាមួយក្លឹប FC Barcelona។
Lewandowski បានបញ្ជាក់ថា នៅពេលគាត់ មកដល់ Barcelona ជាលើកដំបូង ក្លឹបបានស្នើឲ្យគាត់មាន ភាពតឹងរ៉ឹង និងវិន័យខ្ពស់ ព្រោះក្រុមត្រូវការ កីឡាករដែលមានបុគ្គលិកលក្ខណៈដឹកនាំ ដើម្បីជួយណែនាំកីឡាករវ័យក្មេង។
ទោះជាយ៉ាងណាក៏ដោយ គាត់បានកត់សម្គាល់ថា កីឡាករវ័យក្មេង មិនសូវស៊ាំនឹង ការពិភាក្សាដ៏តឹងតែង ឬ អាកប្បកិរិយាមុឺងម៉ាត់ ដូចជាកីឡាករជំនាន់មុនទេ។ ដូច្នេះ ការរៀនរបស់យុវជន មិនត្រឹមតែកើតឡើងតែ នៅលើទីលានប្រកួត ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ក្រៅទីលាន ដូចជា ការបង្ហាត់ប្រាណ និង ការខិតខំប្រឹងប្រែងជារៀងរាល់ថ្ងៃ។
បន្ទាប់ពី ពីរបីខែ នៅជាមួយក្រុម Lewandowski បានយល់ថា កីឡាករវ័យក្មេង មិនពេញចិត្តនឹងតួនាទីតឹងរឹងបែបឪពុក នោះទេ ដោយសារតែពួកគេមកពី ជំនាន់ខុសៗគ្នា។ គាត់បានលើកឧទាហរណ៍ថា គាត់ ចាស់ជាងឪពុករបស់ Lamine Yamal ផងដែរ ដែលធ្វើឲ្យគាត់ដឹងថា គាត់ត្រូវ សម្របខ្លួន ទៅរកពួកគេវិញ។
ជាចុងក្រោយ Lewandowski បានសារភាពថា គាត់ក៏បាន រៀនបានច្រើនពីកីឡាករវ័យក្មេង ដែរ។ គាត់បានកត់សម្គាល់ថា កីឡាករជំនាន់ថ្មី មាន ការយល់ដឹងអំពីបាល់ទាត់ខ្ពស់ជាងមុន, មាន ចិត្តទូលាយ, និង ដឹងច្បាស់ពីគោលដៅរបស់ខ្លួន។