ក្លិបធំមួយនៅអ៊ីតាលី ចាប់ផ្តើមជំហានដំបូងក្នុងការតាមយក Lewandowski
By Dany • 27 views
អនាគតរបស់ខ្សែប្រយុទ្ធជាតិប៉ូឡូញ Robert Lewandowski នៅតែមិនច្បាស់លាស់ ខណៈកិច្ចសន្យារបស់គាត់ជាមួយ Barcelona នឹងផុតកំណត់នៅរដូវក្តៅខាងមុខ។
ទោះបីជាគាត់មានអាយុជិត 37 ឆ្នាំនៅឆ្នាំនេះក៏ដោយ ក៏នៅតែមានក្លិបធំៗជាច្រើននៅអឺរ៉ុបបង្ហាញចំណាប់អារម្មណ៍លើគាត់។
ក្លិប AC Milan ត្រូវបានគេរាយការណ៍ថា កំពុងដឹកនាំការប្រកួតប្រជែងក្នុងការទាក់ទាញគាត់ ដោយមានគម្រោងយកគាត់មកដោយគ្មានតម្លៃផ្ទេរ នៅរដូវក្តៅឆ្នាំ 2026។
យោងតាមសារព័ត៌មានអេស្ប៉ាញ Sport មន្ត្រីរបស់ Milan បានជួបជាមួយតំណាងភ្នាក់ងាររបស់ Lewandowski នៅប្រទេសអ៊ីតាលី កាលពីល្ងាចថ្ងៃអង្គារសប្តាហ៍មុន។
ម្យ៉ាងវិញទៀត បុគ្គលឈ្មោះ Luca Cohen ដែលជាអ្នកបង្កើតមាតិកាអ៊ីតាលី និងមានទំនាក់ទំនងជិតស្និទ្ធជាមួយ Milan ក៏បានបង្ហាញព័ត៌មានបន្ថែមអំពីជំនួបនេះផងដែរ។
ក្នុងពេលតែមួយ ភ្នាក់ងាររបស់ Lewandowski គឺ Beny Zahavi ក៏បានទៅដល់ទីក្រុង Barcelona ដើម្បីពិភាក្សាផ្ទាល់ជាមួយក្លិបផងដែរ។ ទោះជាយ៉ាងណា ជំនួបនៅអ៊ីតាលីអាចមានតំណាងផ្សេងមកពីភ្នាក់ងាររបស់គាត់ ជំនួសឲ្យ Zahavi ដោយផ្ទាល់។
ក្រៅពី Milan ក្លិប Juventus ក៏កំពុងពិចារណាអំពីលទ្ធភាពក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធរូបនេះផងដែរ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយ ខណៈអនាគតរបស់គាត់នៅ Barcelona នៅតែមានភាពមិនច្បាស់។