Kim Min-jae បដិសេធក្លិបយក្ស Chelsea និង AC Milan ប្តេជ្ញាតស៊ូដើម្បីតំណែងនៅ Bayern Munich
អត្ថបទសរសេរដោយ Dany • 84 views
ខ្សែការពារជម្រើសជាតិកូរ៉េខាងត្បូង Kim Min-jae បានបដិសេធការចាប់អារម្មណ៍ពីក្លិបយក្សពីរ Chelsea និង AC Milan ដែលកំពុងចង់បានរូបគាត់នៅរដូវក្តៅនេះ។ កីឡាករវ័យ ២៨ ឆ្នាំរូបនេះបានបញ្ជាក់ច្បាស់ថា គាត់នឹងតស៊ូ និងបន្តប្តេជ្ញាចិត្តដើម្បីយកតំណែងជាប្រចាំនៅក្លិបបងធំអាល្លឺម៉ង់ Bayern Munich។
ពាក្យចចាមអារ៉ាមអំពីការផ្ទេរ Kim Min-jae ចេញពី Bayern បានលេចឡើងជាញឹកញាប់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយសារគាត់មិនតែងតែទទួលបានឱកាសលេងជាប្រចាំនៅក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី។ ទោះជាយ៉ាងណា បច្ចុប្បន្ននេះ ពាក្យចចាមអារ៉ាមទាំងនោះត្រូវបានចាត់ទុកថាជា «ព័ត៌មានធម្មតា» ហើយ ព្រោះគ្មានការផ្លាស់ប្តូរណាមួយកើតឡើង។
Kim Min-jae បានបង្ហាញថាគាត់មានជម្រើសច្បាស់លាស់ និងចង់បន្តនៅជាមួយ Bayern Munich ដើម្បីកសាងសមត្ថភាពបន្ថែម និងរួមចំណែកឱ្យក្រុមត្រឡប់មកជាកម្រិតខ្ពស់វិញ។ កីឡាករដែលធ្លាប់ឈ្នះពាន Serie A Defender of the Year នៅ Napoli មុនចូលរួមជាមួយ Bayern នៅឆ្នាំ២០២៣ នៅតែជាកីឡាករខ្សែការពារកណ្តាលថ្នាក់ World Class មួយរូប ហើយគាត់មិនចង់ចាកចេញពី Bundesliga នៅឡើយទេ។
ការប្តេជ្ញាចិត្តរបស់ Kim នេះជាដំណឹងល្អសម្រាប់អ្នកគាំទ្រ Bayern ដែលកំពុងសង្ឃឹមថាគាត់នឹងក្លាយជាសសរស្តម្ភសំខាន់ក្នុងការការពាររបស់ក្រុមនៅរដូវកាលបន្តទៀត ជាពិសេសក្នុងការប្រកួត Champions League និងការប្រជែងជើងឯក Bundesliga។
