លោក Jurgen Klopp ត្រូវបានគេរំពឹងថាអាចនឹងដឹកនាំក្រុមជម្រើសជាតិអង់គ្លេសនាពេលអនាគត
អត្ថបទសរសេរដោយ Bonat • 85 views
អតីតខ្សែការពារឆ្នើមរបស់ Liverpool លោក John Arne Riise បានបញ្ចេញទស្សនៈថា លោក Jurgen Klopp ពិតជាចង់កាន់តំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស ហើយលោកជឿជាក់ថា អាជីពបន្ទាប់របស់គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះ នឹងស្ថិតក្នុងកម្រិតក្រុមជម្រើសជាតិ មិនមែនក្លិបអាជីពឡើយ។ ក្នុងរយៈពេលជិត ៩ ឆ្នាំនៅទឹកដី Anfield លោក Klopp បានជួយឱ្យ Liverpool ឈ្នះរាល់ពានរង្វាន់ធំៗទាំងអស់ រួមទាំងការបញ្ចប់ការរង់ចាំពាន Premier League អស់រយៈពេល ៣០ ឆ្នាំក្នុងឆ្នាំ ២០២០។ ទោះបីជានៅសល់កិច្ចសន្យា ២ ឆ្នាំទៀតក៏ដោយ ប៉ុន្តែលោកសម្រេចចិត្តចាកចេញនៅឆ្នាំ ២០២៤ ដោយសារតែការអស់កម្លាំងទាំងកាយ និងចិត្ត (Exhaustion)។ បច្ចុប្បន្ន លោកកំពុងបំពេញការងារជាប្រធានផ្នែកយុទ្ធសាស្ត្របាល់ទាត់សកលឱ្យក្រុមហ៊ុន Red Bull។
លោក Riise យល់ថា ការដឹកនាំក្រុមជម្រើសជាតិមានភាពតានតឹងតិចជាងការដឹកនាំក្លិបដែលត្រូវប្រកួតរាល់សប្តាហ៍។ វាស័ក្តិសមសម្រាប់ Klopp ដែលចង់រក្សាតុល្យភាពជីវិតផ្ទាល់ខ្លួន។ Klopp ធ្លាប់បានបញ្ជាក់ថា លោកនឹងមិនដឹកនាំក្លិបផ្សេងទៀតក្នុងប្រទេសអង់គ្លេសក្រៅពី Liverpool ឡើយ។ ដូចនេះ ការដឹកនាំក្រុមជម្រើសជាតិអង់គ្លេស គឺជាមធ្យោបាយតែមួយគត់ដែលលោកអាចវិលត្រលប់មកកាន់ទឹកដីអង់គ្លេសវិញបាន។ លោក Klopp បានរៀបរាប់ថា កាលពីមុនជីវិតលោកមានតែផ្លូវ ៣ ខ្សែប៉ុណ្ណោះ គឺផ្ទះ កន្លែងហ្វឹកហាត់ និងកីឡដ្ឋាន។ បច្ចុប្បន្ន លោកមានពេលជួបជុំមិត្តភក្តិ ចូលរួមពិធីមង្គលការ និងរៀបចំគម្រោងជាមួយក្រុមគ្រួសារបានកាន់តែល្អ ដែលធ្វើឱ្យលោកមិនទាន់ប្រញាប់វិលត្រលប់ទៅធ្វើជាគ្រូបង្វឹកវិញឡើយ។ ការងារនៅ Red Bull កំពុងផ្តល់ឱ្យលោកនូវភាពពេញចិត្ត និងមានសេរីភាពក្នុងការរៀបចំការងារច្រើនជាងមុន។ ទោះបីជាមានពាក្យចចាមអារ៉ាមជាមួយ Real Madrid ឬក្រុមជម្រើសជាតិក៏ដោយ ប៉ុន្តែបច្ចុប្បន្នលោក Thomas Tuchel កំពុងមានកិច្ចសន្យាដឹកនាំអង់គ្លេសរហូតដល់ចប់ World Cup 2026។ ដូច្នេះ ឱកាសសម្រាប់ Klopp អាចនឹងកើតមានឡើង លុះត្រាតែមានកាលៈទេសៈវិសាមញ្ញណាមួយកើតឡើងក្រោយឆ្នាំ ២០២៦។
