Jude Bellingham វ៉ាដាច់កំណត់ត្រារបស់វីរៈបុរស Wayne Rooney ក្លាយជាកីឡាករក្មេងបំផុតដែលបង្ហាញខ្លួនឱ្យអង់គ្លេសបាន ៥០ ប្រកួត
អត្ថបទសរសេរដោយ Danny • 30 views
ខ្សែបម្រើឆ្នើមរបស់ក្លិប Real Madrid កីឡាករ Jude Bellingham បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយនៅក្នុងព្រឹត្តិការណ៍ World Cup 2026 ដោយបានក្លាយជាកីឡាករដែលមានវ័យក្មេងជាងគេបំផុត អាចបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិអង់គ្លេសបានចំនួន ៥០ ប្រកួត (50 Caps)។
Bellingham បានបំបែកកំណត់ត្រាចាស់របស់វីរៈបុរស Wayne Rooney ក្នុងវ័យត្រឹមតែ ២២ ឆ្នាំ និង ៣៥៩ ថ្ងៃប៉ុណ្ណោះ ខណៈដែលអតីតខ្សែប្រយុទ្ធ Manchester United រូបនោះធ្លាប់ធ្វើបានក្នុងវ័យ ២៣ ឆ្នាំ និង ១៥៩ ថ្ងៃ។ យុវជនឆ្នើមរូបនេះបានអបអរសាទរកំណត់ត្រាដ៏អស្ចារ្យរបស់ខ្លួន នៅក្នុងការប្រកួតដែលអង់គ្លេសត្រូវតទល់នឹងក្រុមហ្គាណា (Ghana) នាទីក្រុងបូស្តុន។
គិតចាប់តាំងពីបានបង្ហាញខ្លួនឱ្យក្រុមឈុតធំលើកដំបូងក្នុងឆ្នាំ ២០២០ មក Bellingham បានក្លាយជាកម្លាំងស្នូលមិនអាចខ្វះបានរបស់លោក Thomas Tuchel ដោយរូបគេធ្លាប់ឆ្លងកាត់ពានរង្វាន់ធំៗកម្រិតអន្តរជាតិដល់ទៅ ៤ លើករួចមកហើយ។ មិនត្រឹមតែលេចធ្លោក្នុងជម្រើសជាតិទេ សូម្បីតែនៅក្លិប Real Madrid ក៏រូបគេស៊ុតបានដល់ទៅ ៤៦ គ្រាប់ ក្នុងការបង្ហាញខ្លួន ១៤០ ប្រកួតផងដែរ។ អតីតមិត្តរួមក្រុម លោក Jordan Henderson ធ្លាប់បានសរសើររូបគេថា ជាកីឡាករសម្រាប់ជំនួបធំៗ (Big-game player) និងមានដុងពិសេសពីកំណើត។
បច្ចុប្បន្ន ក្រៅពី Bellingham ក៏មានមិត្តរួមក្រុម Bukayo Saka ផងដែរ ដែលស្ថិតក្នុងចំណោមកីឡាករប្រាំនាក់ដែលអាចបង្ហាញខ្លួនបាន ៥០ ប្រកួតមុនវ័យ ២៥ ឆ្នាំ។ ជាមួយទម្រង់លេងដ៏មានស្ថេរភាពបែបនេះ អ្នកវិភាគជឿជាក់ថា Bellingham អាចនឹងមានឱកាសបំផ្លាញកំណត់ត្រារបស់លោក Peter Shilton ដែលជាអ្នកបង្ហាញខ្លួនឱ្យអង់គ្លេសបានច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ (១២៥ ប្រកួត) នានិទាឃរដូវខាងមុខ។ យ៉ាងណាមិញ គោលដៅចម្បងរបស់ខ្សែបម្រើរូបនេះ គឺការជួយឱ្យអង់គ្លេសលើកពានរង្វាន់ World Cup 2026 នេះឱ្យបាន ដើម្បីបញ្ចប់ការរង់ចាំអស់រយៈពេល ៦០ ឆ្នាំ។