វីរៈបុរស John Barnes ព្រមាន Marcus Rashford កុំប្រើព្រឹត្តិការណ៍ World Cup ដើម្បីផ្សព្វផ្សាយខ្លួនរកក្លិបថ្មី
អត្ថបទសរសេរដោយ Danny • 33 views
វីរៈបុរសជម្រើសជាតិតោបីអង់គ្លេសលោក John Barnes បានចេញមុខមកដាស់តឿនខ្សែប្រយុទ្ធ Marcus Rashford ថា មិនត្រូវទុកព្រឹត្តិការណ៍ World Cup 2026 ធ្វើជាទីផ្សារបង្ហាញខ្លួន (Shop window) ដើម្បីទាក់ទាញចំណាប់អារម្មណ៍ផ្ទេរទៅកាន់ក្លិបថ្មីនារដូវក្ដៅនេះឡើយ។ ការព្រមាននេះធ្វើឡើងស្របពេលអនាគតរបស់កីឡាករវ័យ ២៨ ឆ្នាំរូបនេះកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ បន្ទាប់ពីក្លិប Barcelona បានសម្រេចចិត្តមិនទិញផ្ដាច់កិច្ចសន្យារបស់គេ ហើយសាមីខ្លួនក៏ហាក់មិនចង់ត្រឡប់ទៅរួមរស់ជាមួយក្លិបអាណាព្យាបាល Manchester United វិញដែរ។
កាលពីរដូវកាល ២០២៥-២០២៦ កន្លងទៅ Rashford ត្រូវបាន Manchester United ដាក់ឱ្យក្លិប Barcelona ខ្ចីជើង ដោយរូបគេរកបាន ១៤ គ្រាប់ ព្រមទាំងរួមចំណែកជួយក្រុមយកឈ្នះពានរង្វាន់ La Liga និង Spanish Super Cup ទៀតផង។ ថ្វីត្បិតតែ Barcelona មានលក្ខខណ្ឌអាចទិញផ្ដាច់រូបគេក្នុងតម្លៃ ២៦ លានផោន ($៣៤ លានដុល្លារ) ក៏ដោយ ប៉ុន្តែដំរីចាស់អេស្ប៉ាញមួយនេះបានបង្វែរទិសដៅទៅចំណាយលុយយ៉ាងច្រើនលើខ្សែប្រយុទ្ធស្លាប Anthony Gordon ជំនួសវិញ។ ទោះបីជាគ្រូបង្វឹកពេញសិទ្ធិថ្មីរបស់បិសាចក្រហម លោក Michael Carrick បើកទ្វារស្វាគមន៍រូបគេត្រឡប់មកវិញ ប៉ុន្តែ Rashford ហាក់ចង់ចាកចេញទៅស្វែងរកទ្រនំថ្មីទាំងស្រុង។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន GOAL លោក John Barnes បានសង្កត់ធ្ងន់ថា៖ «អង់គ្លេសត្រូវការភាពជោគជ័យជាក្រុម។ ប្រសិនបើគេ (Rashford) គិតតែពីចង់បង្ហាញសមត្ថភាពផ្ទាល់ខ្លួន វានឹងមិនអាចជួយក្រុមបានឡើយ។ ប្រសិនបើគេចង់យកទីនេះធ្វើជាកន្លែងលក់ខ្លួន ដោយគិតតែពីចង់បានបាល់ហើយរត់ញាក់ដាច់កីឡាករដទៃ ដើម្បីឱ្យមើលទៅល្អមើលម្នាក់ឯង នោះមិនមែនជាវិធីដែលអាចឈ្នះពានរង្វាន់ World Cup ឡើយ។ អ្វីដែលលោក Thomas Tuchel ត្រូវការពីគេ គឺការលេងជាក្រុម លេងដោយសាមញ្ញ និងរក្សាទីតាំងឱ្យបានល្អ»។ លោក Barnes ក៏បានបន្ថែមដែរថា បញ្ហាចម្បងរបស់ Rashford កន្លងមក គឺស្ថិតនៅលើអាកប្បកិរិយា និងការប្ដេជ្ញាចិត្តរបស់គេប៉ុណ្ណោះ។
គួររំលឹកផងដែរថា ក្រុមជម្រើសជាតិអង់គ្លេសបានបើកឆាកព្រឹត្តិការណ៍ World Cup 2026 យ៉ាងល្អឥតខ្ចោះដោយបានយកឈ្នះក្រូអាត ៤-២។ ក្នុងជំនួបនោះ ប្រធានក្រុម Harry Kane រកបាន ២ គ្រាប់ ហើយ Jude Bellingham រកបាន ១ គ្រាប់ ខណៈ Marcus Rashford ដែលត្រូវបានដាក់ឱ្យចូលលេងក្នុងនាមជាកីឡាករបម្រុងនៅវគ្គទីពីរ ក៏អាចរកបាន ១ គ្រាប់ចុងក្រោយយ៉ាងស្អាតផងដែរ ក្រោយទទួលបាល់ពីការបញ្ជូនរបស់ Bukayo Saka។ ទោះបីជាយ៉ាងណា លោក Barnes យល់ឃើញថា ការលេងបានល្អត្រឹម ១៥ នាទី មិនទាន់អាចបញ្ជាក់ថា Rashford ត្រឡប់ទៅរកទម្រង់លេងដើមដ៏ល្អបំផុតរបស់គេវិញនោះទេ ហើយលោក Thomas Tuchel ក៏ប្រហែលជាមិនទាន់ជ្រើសរើសគេឱ្យចូលលេងក្នុងជម្រើសដំបូងសម្រាប់ការប្រកួតធំៗខាងមុខភ្លាមៗដែរ។