João Félix បង្ហាញអំណរគុណចំពោះ Cristiano Ronaldo ដែលតែងតែគាំទ្រនៅពេលអាជីពរបស់គេធ្លាក់ចុះ
អត្ថបទសរសេរដោយ Dany • 90 views
ខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់ João Félix បានទម្លាយអារម្មណ៍ពីតួនាទីដ៏សំខាន់របស់វីរបុរសរបស់ខ្លូនគឺ Cristiano Ronaldo ក្នុងការជួយគាត់ឱ្យឈានផុតពីដំណាក់កាលដ៏លំបាកមួយក្នុងអាជីពបាល់ទាត់។
Félix បានលើកឡើងថា នៅពេលដែលទម្រង់លេង និងអាជីពរបស់គាត់ធ្លាក់ចុះ គាត់បានទាក់ទងទូរស័ព្ទទៅកាន់ Ronaldo ដើម្បីសុំយោបល់ និងការលើកទឹកចិត្ត។ ក្នុងការសន្ទនានោះ Ronaldo បានផ្តល់ពាក្យលើកទឹកចិត្តយ៉ាងខ្លាំង ដែលជួយឱ្យ Félix ស្តារទំនុកចិត្តលើខ្លួនឯងឡើងវិញ និងមើលឃើញអនាគតវិជ្ជមានជាងមុន។
មិនត្រឹមតែប៉ុណ្ណោះ Félix ក៏បានបង្ហើបថា នៅដើមរដូវកាលមុន គាត់ធ្លាប់ត្រូវបានក្លិបជាច្រើនបដិសេធ រហូតដល់ស្ថានភាពស្ទើរតែគ្មានក្លិបសម្រាប់បន្តអាជីព។ ទោះជាយ៉ាងណា Cristiano Ronaldo បានជួយណែនាំឈ្មោះរបស់គាត់ទៅកាន់ក្លិប Al-Nassr ដែលបណ្តាលឱ្យក្លិបនេះសម្រេចចិត្តចុះហត្ថលេខាជាមួយ Félix និងផ្តល់ឱកាសថ្មីមួយក្នុងអាជីពរបស់គាត់។
ការលើកឡើងរបស់ João Félix បានបញ្ជាក់ថា Cristiano Ronaldo មិនត្រឹមតែជាកីឡាករល្អនៅលើទីលានប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមនុស្សដែលមានឥទ្ធិពលវិជ្ជមាន និងចេះគាំទ្រកីឡាកររួមជាតិទាំងក្រៅ និងក្នុងទីលានផងដែរ។ នេះជាភស្តុតាងមួយទៀតនៃតួនាទីដ៏ធំធេងរបស់ Ronaldo ក្នុងបាល់ទាត់ព័រទុយហ្គាល់ និងលើកីឡាករជំនាន់ក្រោយ។