Inter Milan ជួបវិបត្តិការពារស្តាំ ក្រោយ Denzel Dumfries វះកាត់អវត្តមានរាប់ខែ
អត្ថបទសរសេរដោយ Bonat • 88 views
ក្លិប Inter Milan បានទទួលដំណឹងដ៏អាក្រក់ ខណៈដែលខ្សែការពារស្លាបស្តាំ Denzel Dumfries ត្រូវបានបង្ខំចិត្តធ្វើការ វះកាត់កជើង ដែលនឹងធ្វើឱ្យរូបគេត្រូវ អវត្តមានរាប់ខែ។ បញ្ហានេះបានបង្ខំឱ្យលោក Cristian Chivu គ្រូបង្វឹក Inter ត្រូវផ្លាស់ប្តូរយុទ្ធសាស្ត្រ និងត្រៀមស្វែងរកកីឡាករថ្មីក្នុងទីផ្សារដោះដូរខែមករា។ បន្ទាប់ពីព្យាយាមព្យាបាលបែបអភិរក្សមិនទទួលបានផល Dumfries (វ័យ ២៩ ឆ្នាំ) បានសម្រេចចិត្តវះកាត់នៅទីក្រុងឡុងដ៍។ រូបគេត្រូវបានរំពឹងថានឹង សម្រាកយ៉ាងហោចណាស់ ២ ទៅ ៣ ខែ ដែលមានន័យថាគេនឹងខកខានការប្រកួតពាន Supercoppa Italiana និងការប្រកួត Serie A សំខាន់ៗជាច្រើន រហូតដល់ពាក់កណ្តាលខែមីនា។
ពីដំបូង Inter គ្រោងនឹងរក្សាភាពស្ងប់ស្ងាត់ក្នុងខែមករា ប៉ុន្តែរបួសនេះបានបង្ខំឱ្យនាយកកីឡាករលោក Piero Ausilio ត្រូវស្វែងរកកីឡាករមកជំនួសជាបន្ទាន់។ កីឡាករវ័យក្មេង Marco Palestra (របស់ Atalanta ខ្ចីជើងនៅ Cagliari) និង Brooke Norton-Cuffy (របស់ Genoa) គឺជាបេក្ខភាពដែល Inter កំពុងតាមដាន។ ក្លិបអាចនឹងប្រើរូបមន្ត ខ្ចីជើងមុន ទិញដាច់តាមក្រោយ។ បច្ចុប្បន្ន បន្ទុកទាំងស្រុងនឹងធ្លាក់លើកីឡាករជើងចាស់ Matteo Darmian (វ័យ ៣៦ ឆ្នាំ) ដើម្បីជួយក្រុមការពារតំណែងជើងឯក Serie A ក្នុងអំឡុងពេលអវត្តមាន Dumfries។
