ពីអ្នកចាំទីវ័យ ៤០ ឆ្នាំគ្មានអ្នកស្គាល់ ក្លាយជាកំពូលតារា Instagram មានអ្នកតាមដាន ១០ លាននាក់ត្រឹមមួយប៉ព្រិចភ្នែក ក្រោយបង្អាក់ក្រុមអេស្ប៉ាញនៅ World Cup 2026
អត្ថបទសរសេរដោយ Danny • 39 views
ភាពស្រស់ស្អាតនៃព្រឹត្តិការណ៍ World Cup 2026 គឺការផ្ដល់ឱកាសឱ្យកីឡាករដែលមិនសូវមានឈ្មោះល្បីពីមុនមក អាចបញ្ចេញពន្លឺលើឆាកអន្តរជាតិក្នុងនាមជាក្រុមទន់ខ្សោយ។ ជាក់ស្ដែង អ្នកចាំទីវ័យ ៤០ ឆ្នាំរបស់ក្រុមជម្រើសជាតិកាប់វែរ (Cape Verde) គឺកីឡាករ Vozinha បានបង្កើតភាពភ្ញាក់ផ្អើលពេញពិភពលោក ក្រោយបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យជួយឱ្យក្រុមស្មើជាមួយក្រុមខ្លាំងអេស្ប៉ាញ ០-០ ដែលធ្វើឱ្យចំនួនអ្នកតាមដាន (Followers) លើគណនី Instagram របស់លោកហក់ឡើងយ៉ាងគំហុក។
ត្រឹមតែរយៈពេល ២៤ ម៉ោងក្រោយបញ្ចប់ការប្រកួត ចំនួនអ្នកតាមដានរបស់ Vozinha បានផ្ទុះឡើងពី ៥០ ម៉ឺននាក់ រហូតដល់ទៅជាង ១០ លាននាក់ ដែលចំនួននេះគឺច្រើនជាងកំពូលតារាបាល់បោះ NBA លោក Victor Wembanyama (៦,២ លាននាក់) និងកំពូលកីឡាករ NFL លោក Patrick Mahomes (៦,៤ លាននាក់) ទៅទៀត។ Vozinha បានថ្លែងទាំងអារម្មណ៍តក់ស្លុត និងសើចផងទៅកាន់ប៉ុស្តិ៍យូធូបប្រេស៊ីល CazéTV ថា៖ «ឆ្កួតហើយ! នេះពិតជាឆ្កួតមែនទែន»។
អ្នកនៅពីក្រោយបាតុភូតដ៏អស្ចារ្យនេះ គឺប៉ុស្តិ៍ CazéTV របស់លោក Casimiro Miguel ដែលមានអ្នករៀបចំជាវ (Subscribers) ដល់ទៅ ៣១ លាននាក់នៅលើ YouTube។ នៅក្នុងកំឡុងពេលផ្សាយផ្ទាល់ការប្រកួតដែល Vozinha កំពុងហោះសង្គ្រោះបាល់យ៉ាងអស្ចារ្យនោះ លោក Cazé បានអំពាវនាវដល់អ្នកទស្សនានៅផ្ទះទាំងអស់ឱ្យជួយចុច Follow គណនី Instagram របស់ Vozinha។ ការអំពាវនាវនេះ បានធ្វើឱ្យចំនួន Followers របស់លោកកើនឡើងរាប់សែននាក់ភ្លាមៗ និងបន្តកើនឡើងរហូតដល់លាននាក់ក្នុងរយៈពេលមួយថ្ងៃ។
ទោះជាយ៉ាងណា ក្រៅពីក្តីរំភើបដែលបានបង្កើតប្រវត្តិសាស្ត្រជួយប្រទេសកោះតូចមួយដែលមានប្រជាជនត្រឹមតែប្រហែលកន្លះលាននាក់នោះ Vozinha បានសម្រក់ទឹកភ្នែកដោយសារតែអវត្តមានអ្នកម្តាយរបស់លោក (អ្នកស្រី Ana Candida Evora) នៅលើកៅអីទស្សនា ដោយសារតែមានបញ្ហាទិដ្ឋាការ (Visa) មិនអាចធ្វើដំណើរមកកាន់សហរដ្ឋអាមេរិកបាន។ ភ្លាមៗនោះ ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា ពួកគេកំពុងតែសម្របសម្រួលជាមួយអាជ្ញាធរកាប់វែរ ដើម្បីជួយដោះស្រាយបញ្ហានេះ ព្រោះសាច់ញាតិរបស់កីឡាករ World Cup ទាំងអស់ត្រូវបានលើកលែងការបង់ប្រាក់ធានាទិដ្ឋាការចំនួន ១៥,០០០ ដុល្លារ។ បច្ចុប្បន្ន អ្នកម្តាយរបស់លោកបានធ្វើដំណើរមកដល់សហរដ្ឋអាមេរិកជាផ្លូវការហើយ។
ករណីស្រដៀងគ្នានេះក៏បានកើតឡើងចំពោះខ្សែការពារ Tim Payne របស់នូវែលហ្សេឡង់ផងដែរ កាលពីខែមុន ដោយចំនួន Followers របស់គេបានកើនឡើងពី ៤,៧០០ នាក់ រហូតដល់ជិត ៦ លាននាក់ ក្រោយមានការជម្រុញពី Influencer ជនជាតិអាហ្សង់ទីនម្នាក់។ នេះសបញ្ជាក់ឱ្យឃើញពីយុទ្ធសាស្ត្រថ្មីរបស់សហព័ន្ធ FIFA ក្នុងការចាប់ដៃគូជាមួយបណ្តាញសង្គមដូចជា TikTok និង YouTube ដើម្បីទាក់ទាញអ្នកគាំទ្រជំនាន់ថ្មី។