Hansi Flick បារម្ភពីរបួសរបស់ Pedri មុនជំនួបជាមួយ Villarreal
អត្ថបទសរសេរដោយ Bonat • 91 views
គ្រូបង្វឹកក្រុម Barcelona លោក Hansi Flick បានបង្ហាញការមិនសប្បាយចិត្ត បន្ទាប់ពីខ្សែបម្រើសំខាន់ Pedri ត្រូវអវត្តមានសារជាថ្មីដោយសាររបួសសាច់ដុំ មុនការប្រកួតទល់នឹង Villarreal នៅថ្ងៃអាទិត្យនេះ។ Pedri បានជួបបញ្ហារបួសសរសៃពួរ (Hamstring) តាំងពីការប្រកួត El Clasico កាលពីខែតុលា។ ទោះបីជាទើបតែត្រលប់មកវិញ ប៉ុន្តែរូបគេនៅតែមានបញ្ហាសាច់ដុំភ្លៅឆ្វេងដែលតម្រូវឱ្យមានការប្រុងប្រយ័ត្នខ្ពស់។ លោក Flick បញ្ជាក់ថា លោកនឹងមិនប្រថុយឱ្យ Pedri លេងឡើយ បើទោះជាគេអាចលេងបានក៏ដោយ ព្រោះចង់ឱ្យគេសម្រាកព្យាបាលឱ្យជាសះស្បើយ ១០០% សម្រាប់ប្រកួតបន្ទាប់ជាមួយ Espanyol (ថ្ងៃទី ៣ មករា) និងពានរង្វាន់ Super Cup។
កាលពីសប្តាហ៍មុន ក្នុងជំនួបឈ្នះ Osasuna ២-០ Pedri (វ័យ ២៣ ឆ្នាំ ៨ ថ្ងៃ) បានបង្កើតប្រវត្តិសាស្ត្រក្លាយជា កីឡាករក្មេងបំផុតដែលបង្ហាញខ្លួនបាន ១៥០ ប្រកួត ក្នុង La Liga ឱ្យ Barcelona ដោយបានបំបែកកំណត់ត្រាចាស់របស់វីរបុរស Lionel Messi (ដែលធ្វើបានក្នុងវ័យ ២៣ ឆ្នាំ ១២១ ថ្ងៃ)។ បច្ចុប្បន្ន Barcelona កំពុងនាំមុខដាច់ ៤ ពិន្ទុ លើក្រុមលេខ ២ Real Madrid និងកំពុងមានទម្រង់លេងយ៉ាងល្អដោយឈ្នះ ៦ ប្រកួតជាប់ៗគ្នា ក្នុងលីគ។ បន្ទាប់ពីចប់ការប្រកួតចុងសប្តាហ៍នេះ លីគអេស្ប៉ាញនឹងមានការសម្រាករដូវរងាខ្លី ដែលផ្តល់ពេលវេលាគ្រប់គ្រាន់សម្រាប់ Pedri ក្នុងការស្តារកាយសម្បទាឡើងវិញ។
