ការប្រកួត Finalissima ត្រូវបានបញ្ជាក់៖ Lamine Yamal នឹងជួប Lionel Messi នៅប្រទេសកាតា
អត្ថបទសរសេរដោយ Bonat • 99 views
ការប្រកួតពានរង្វាន់អន្តរទ្វីប Finalissima រវាងក្រុមជម្រើសជាតិ អេស្ប៉ាញ (ម្ចាស់ជើងឯកអឺរ៉ុប) និង អាហ្សង់ទីន (ម្ចាស់ជើងឯកកូប៉ាអាមេរិក) ត្រូវបានប្រកាសជាផ្លូវការថានឹងត្រូវធ្វើឡើងនៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៦ ខាងមុខនេះ។ ការប្រកួតនឹងរៀបចំឡើងនៅកីឡដ្ឋាន Lusail Stadium ក្នុងប្រទេសកាតា ដែលជាកន្លែងលោក Messi បានលើកពាន World Cup ២០២២។ នេះជាលើកដំបូងដែលកំពូលយុវជន Lamine Yamal នឹងត្រូវតទល់ជាមួយវីរបុរស Lionel Messi ក្នុងកម្រិតក្រុមជម្រើសជាតិឈុតធំ។ អ្នកទាំងពីរមានចំណុចដូចគ្នាជាច្រើន ដូចជាការចេញពីសាលា La Masia របស់ Barcelona, លេងស្លាបស្តាំ និងមានជើងឆ្វេងដ៏អស្ចារ្យដូចគ្នា។
នេះជាការប្រកួត Finalissima លើកទី ៤ ក្នុងប្រវត្តិសាស្ត្រ។ អាហ្សង់ទីនគឺជាម្ចាស់ការពារតំណែងជើងឯក បន្ទាប់ពីបានយកឈ្នះអ៊ីតាលី ៣-០ នៅកីឡដ្ឋាន Wembley កាលពីឆ្នាំ ២០២២។ ការប្រកួតនឹងកាត់សេចក្តីក្នុងរយៈពេល ៩០ នាទី បើនៅស្មើគ្នា នឹងត្រូវឈានដល់ការទាត់បាល់ប៉េណាល់ទីកាត់សេចក្តីភ្លាមៗ ដើម្បីរកម្ចាស់ពាន។
