អ្នកគាំទ្របាល់ទាត់អឺរ៉ុប ប្តឹងប្រឆាំងតម្លៃសំបុត្រ FIFA World Cup 2026 ថាខ្ពស់ពេក
អត្ថបទសរសេរដោយ Dany • 89 views
អ្នកគាំទ្របាល់ទាត់នៅអឺរ៉ុប បានដាក់ពាក្យបណ្តឹងផ្លូវការប្រឆាំងនឹងតម្លៃសំបុត្រខ្ពស់ពេកសម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2026 ដែលនឹងប្រព្រឹត្តឡើងនៅអាមេរិកខាងជើង។
អង្គការ Football Supporters Europe (FSE) និង Euroconsumers បានដាក់ពាក្យបណ្តឹងមានប្រវែង 18 ទំព័រ ទៅកាន់ European Commission នៅទីក្រុង Brussels ដោយចោទប្រកាន់ថា FIFA កំពុងប្រើអំណាចទាំងស្រុង លើការលក់សំបុត្រ ដើម្បីកំណត់លក្ខខណ្ឌមិនយុត្តិធម៌សម្រាប់អ្នកគាំទ្រ។
ពួកគេបានអះអាងថា តម្លៃសំបុត្រនៅ World Cup 2026 ខ្ពស់ជាងព្រឹត្តិការណ៍មុនៗយ៉ាងខ្លាំង។ ជាក់ស្តែង សំបុត្រសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅកីឡដ្ឋាន MetLife Stadium ក្នុងរដ្ឋ New Jersey នៅថ្ងៃទី 19 ខែកក្កដា មានតម្លៃចាប់ពី 4,185$ ដែលខ្ពស់ជាងសំបុត្រថោកបំផុតនៃវគ្គផ្តាច់ព្រ័ត្រ World Cup 2022 នៅ Qatar ដល់ទៅ ៧ដង។
ក្នុងពាក្យបណ្តឹងនេះ ក៏បានចោទប្រកាន់ថា FIFA បានប្រើវិធីសាស្ត្រដូចជា “bait advertising” (ការផ្សាយពាណិជ្ជកម្មបន្លំអតិថិជន) និង “dynamic pricing” (ការកំណត់តម្លៃប្រែប្រួលតាមស្ថានភាព) ព្រមទាំងការលក់ដោយបង្កសម្ពាធ ដោយមិនបង្ហាញព័ត៌មានឲ្យច្បាស់អំពីទីតាំងអង្គុយ និងគោលនយោបាយសងប្រាក់វិញ។
តាមការបញ្ជាក់របស់ Els Bruggeman ពី Euroconsumers បាននិយាយថា ការកំណត់តម្លៃបែបប្រែប្រួលនេះ បានបម្លែងភាពស្រឡាញ់របស់អ្នកគាំទ្រឲ្យក្លាយជាការប្រកួតដាក់ថ្លៃគ្នា បណ្ដាលឲ្យតម្លៃសំបុត្រឡើងខ្ពស់ ដោយគ្មានតម្លៃបន្ថែមណាមួយឡើយ។
បញ្ហា “bait advertising” (ការផ្សាយពាណិជ្ជកម្មបន្លំអតិថិជន) ក៏ត្រូវបានលើកឡើងផងដែរ ព្រោះ FIFA ធ្លាប់ប្រកាសថា សំបុត្រវគ្គជម្រុះមានតម្លៃចាប់ពី $60 ប៉ុណ្ណោះ ប៉ុន្តែជាក់ស្តែង អ្នកគាំទ្រជាច្រើនមិនអាចរកទិញសំបុត្រតម្លៃនេះបានឡើយ រហូតដល់មានការតវ៉ា ហើយបន្ទាប់មក FIFA ត្រូវបញ្ចេញសំបុត្របន្ថែមនៅខែធ្នូ។
Marco Scialdone ពី Euroconsumers បាននិយាយថា បាល់ទាត់គឺជាការចូលចិត្តរួមរបស់មនុស្សទូទៅ ប៉ុន្តែ FIFA កំពុងធ្វើឲ្យវាក្លាយជាការកម្សាន្តដែលមានតម្លៃខ្ពស់សម្រាប់អ្នកមាន ដោយប្រើអំណាចគ្រប់គ្រងលើការលក់សំបុត្រទាំងស្រុង។
ពួកគេបានអំពាវនាវឲ្យ European Commission ចូលរួមយ៉ាងបន្ទាន់ ដើម្បីបញ្ឈប់អំពើ ការប្រើអំណាចលើសកំណត់ មុនពេលការប្រកួត FIFA World Cup 2026 ចាប់ផ្តើម។
គួរបញ្ជាក់ថា FIFA World Cup 2026 នឹងចាប់ផ្តើមនៅថ្ងៃទី 11 ខែមិថុនា ដោយមានការប្រកួតនៅប្រទេស United States, Mexico និង Canada។