ប្រធានសហព័ន្ធ FIFA ធានាថា លោក Donald Trump នឹងមានវត្តមានផ្ទាល់ក្នុងវគ្គផ្តាច់ព្រ័ត្រ World Cup 2026 ដើម្បីប្រគល់ពានជូនក្រុមជើងឯក
អត្ថបទសរសេរដោយ Danny • 37 views
ប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) លោក Gianni Infantino បានទម្លាយឱ្យដឹងនៅក្នុងកម្មវិធី Fox & Friends ថា ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងមានវត្តមានយ៉ាងពិតប្រាកដនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ World Cup 2026 ដើម្បីចូលរួមប្រគល់ពានរង្វាន់មាសជូនដល់ក្រុមដែលឈ្នះជើងឯក។
លោក Infantino បានថ្លែងថា៖ «ពួកយើងនឹងនៅជាមួយលោកប្រធានាធិបតី ដើម្បីទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រ និងចូលរួមប្រគល់ពានរង្វាន់ជូនដល់ក្រុមដែលឈ្នះ»។
ការប្រកាសនេះបានធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះចាប់តាំងពីព្រឹត្តិការណ៍ World Cup នេះចាប់ផ្តើមឡើង លោក Donald Trump មិនដែលបង្ហាញមុខនៅលើកៅអីទស្សនាទាល់តែសោះ សូម្បីតែនៅក្នុងជំនួបបើកឆាករបស់ក្រុមជម្រើសជាតិអាមេរិកជាមួយប៉ារ៉ាហ្គាយ ឬការប្រកួតជាមួយអូស្ត្រាលីក៏ដោយ។ លោកគ្រាន់តែបានទូរស័ព្ទទៅលើកទឹកចិត្តក្រុមជម្រើសជាតិអាមេរិកមុនការប្រកួតចាប់ផ្តើមតែប៉ុណ្ណោះ។
ទោះជាយ៉ាងណា លោក Donald Trump ហាក់ដូចជាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រធាន FIFA។ កាលពីដើមឆ្នាំនេះ លោក Infantino ថែមទាំងបានបង្កើតពានរង្វាន់ថ្មីមួយឈ្មោះថា FIFA World Peace ដើម្បីប្រគល់ជូនលោក Trump ទៀតផង បន្ទាប់ពីលោកត្រូវខកខានមិនបានទទួលពានរង្វាន់ណូបែលសន្តិភាព (Nobel Peace Prize)។
កាលពីពេលថ្មីៗនេះ លោក Andrew Giuliani ដែលជាប្រធានក្រុមការងាររៀបចំ World Cup របស់លោក Trump ក៏បានបង្ហើបប្រាប់សារព័ត៌មានដែរថា មូលហេតុដែលលោកប្រធានាធិបតីមិនទាន់បង្ហាញខ្លួន គឺដោយសារតែលោកចង់ទុកឱ្យអ្នកគាំទ្រមានការងឿងឆ្ងល់ និងរង់ចាំអ៊ុតមើលមើលវត្តមានរបស់លោកនៅនាទីចុងក្រោយ។ កាលពីពេលមុន លោក Trump ក៏ធ្លាប់បង្កការភ្ញាក់ផ្អើលម្តងរួចមកហើយ ដោយបានឡើងទៅឈរអបអរសាទរ និងថតរូបយ៉ាងសប្បាយរីករាយជាមួយក្រុម Chelsea នៅលើឆាកប្រគល់ពានរង្វាន់ Club World Cup នៅកីឡដ្ឋាន MetLife Stadium។