ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ពិចារណាសំណើ €១០ ពាន់លានទិញក្លិប Barcelona ទោះមិនអាចធ្វើទៅបាន
អត្ថបទសរសេរដោយ Bonat • 97 views
មានរបាយការណ៍ដែលបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅប្រទេសអេស្ប៉ាញ ដោយអះអាងថា ព្រះអង្គម្ចាស់រាជទាយាទ Mohammed bin Salman នៃប្រទេស អារ៉ាប៊ីសាអូឌីត កំពុងពិចារណាសំណើដ៏ធំចំនួន €១០ ពាន់លានអឺរ៉ូ (£8.7b/$11.7b) ដើម្បីទិញក្លិប FC Barcelona ដែលមានបំណង ជម្រះបំណុល ដ៏ច្រើនរបស់ក្លិប។ សំណើនេះត្រូវបានគេរំពឹងថានឹងគ្របដណ្តប់លើ បំណុល របស់ Barca ប្រមាណ €២.៥ ពាន់លានអឺរ៉ូ និងផ្តល់ទុនគ្រប់គ្រាន់សម្រាប់គ្រប់គ្រងក្លិប។ ការទិញដាច់ក្លិប Barcelona គឺ មិនអាចធ្វើទៅបានទេ តាមផ្លូវច្បាប់ ដោយសារក្លិបនេះត្រូវបាន គ្រប់គ្រងដោយសមាជិក (socios) របស់ខ្លួន។ សមាជិកមានអំណាចក្នុងការបោះឆ្នោតជ្រើសរើសប្រធាន និង វេតូ រាល់ការសម្រេចចិត្តសំខាន់ៗ។
សំណើនេះត្រូវបានមើលឃើញថាជាផ្នែកមួយនៃយុទ្ធសាស្ត្រ Vision 2030 របស់អារ៉ាប៊ីសាអូឌីត ក្នុងការ ពង្រីកឥទ្ធិពលកីឡា របស់ពួកគេ។ ថ្នាក់ដឹកនាំ Barcelona ត្រូវបានគេរំពឹងថានឹង ប្រកាសជាសាធារណៈ ថា ក្លិប មិនមែនសម្រាប់លក់ ទេ ហើយនឹងបន្តផ្តោតលើការ កាត់បន្ថយបំណុល និងការស្វែងរកភាពជាដៃគូពាណិជ្ជកម្មផ្សេងៗវិញ។
