Enzo Maresca កំពុងប្រឈមមុខនឹងការបណ្ដេញចេញពី Chelsea ប្រសិនបើលទ្ធផលមិនប្រសើរឡើងក្នុងខែមករា
អត្ថបទសរសេរដោយ Bonat • 87 views
លោក Enzo Maresca គ្រូបង្វឹករបស់ Chelsea កំពុងស្ថិតក្រោមសម្ពាធយ៉ាងខ្លាំង បន្ទាប់ពីដឹកនាំក្រុមឱ្យធ្លាក់ចុះទម្រង់លេងយ៉ាងខ្លាំងក្នុងខែធ្នូ ដោយឈ្នះតែ ១ ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ៧ ប្រកួតចុងក្រោយ ក្នុងលីគ។
វិបត្តិទម្រង់លេងរបស់ Chelsea
-
Premier League: Chelsea បានធ្លាក់ចេញពីក្រុមប្រជែងពាន និងមកឈរនៅលេខ ៥ ក្នុងតារាងពិន្ទុ។ អ្វីដែលគួរឱ្យបារម្ភគឺ ក្រុមបានរបូតពិន្ទុរហូតដល់ ១៣ ពិន្ទុ ពីស្ថានភាពដែលកំពុងនាំមុខគូប្រកួត។
-
Champions League: បច្ចុប្បន្នឈរនៅលេខ ១៣ ក្នុងតារាង ហើយត្រូវការឈ្នះ ២ ប្រកួតចុងក្រោយ (ប៉ះ Pafos និង Napoli) ដើម្បីមានឱកាសឡើងទៅវគ្គ ១៦ ក្រុមដោយស្វ័យប្រវត្តិ។
-
លទ្ធផលខែធ្នូ: ចាញ់ Leeds និង Aston Villa, ស្មើ Bournemouth (២ ដង) និង Newcastle។ ទោះបីជាឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Carabao Cup ប៉ុន្តែជ័យជម្នះលើក្រុម Cardiff (League One) មិនមែនជាការសម្រេចចិត្តដ៏ធំដុំឡើយ។
ក្រោយជ័យជម្នះលើ Everton ២-០ លោក Maresca បានលើកឡើងថាវាជា "៤៨ ម៉ោងដ៏អាក្រក់បំផុត" របស់លោកចាប់តាំងពីមកដឹកនាំក្លិប ដោយសារខ្វះការគាំទ្រពីមនុស្សជុំវិញខ្លួន។ ខណៈលោកបញ្ជាក់ថា "ស្រឡាញ់អ្នកគាំទ្រ" មហាជនជាច្រើនយល់ថា លោកកំពុងរិះគន់ម្ចាស់ក្លិប (Todd Boehly និង Behdad Eghbali) ដែលមិនផ្ដល់កម្លាំងចិត្តដល់រូបលោក និងកីឡាករ។
Sky Sports បញ្ជាក់ថា ខែមករានេះនឹងក្លាយជាការសាកល្បងចុងក្រោយសម្រាប់ Maresca លើគ្រប់កម្មវិធី៖
-
Premier League: ត្រូវទៅសួរសុខទុក្ខ Man City (ថ្ងៃអាទិត្យនេះ) ដោយគ្មានខ្សែបម្រើ Moises Caicedo (ជាប់ពិន័យ) និងត្រូវប៉ះ Fulham, Brentford, Crystal Palace។
-
ពានរង្វាន់ដទៃទៀត: ប៉ះ Charlton (FA Cup) និងត្រូវតតាំងជាមួយ Arsenal ២ ជើងក្នុង Carabao Cup។
-
Champions League: ត្រូវទទួលក្រុម Pafos និងធ្វើដំណើរទៅអ៊ីតាលីជួប Napoli របស់លោក Antonio Conte។
