Enzo Fernandez បង្ហើបពី “សេរីភាពក្នុងការលេង” ក្រោមការដឹកនាំរបស់ Liam Rosenior ដែលកំពុងផ្លាស់ប្តូរ Chelsea
អត្ថបទសរសេរដោយ Dany • 81 views
Enzo Fernandez បានបង្ហាញការពេញចិត្តយ៉ាងខ្លាំងចំពោះរបៀបដឹកនាំរបស់ Liam Rosenior បន្ទាប់ពីគាត់ចូលមកជំនួស Enzo Maresca នៅកៅអីគ្រូបង្វឹក Chelsea។ ខ្សែបម្រើជម្រើសជាតិអាហ្សង់ទីនរូបនេះបាននិយាយថា បរិយាកាសក្នុងក្រុមមានការផ្លាស់ប្តូរយ៉ាងច្បាស់ ជាពិសេសក្នុងការលេងតំបន់ប្រយុទ្ធ។
តាមការបញ្ជាក់របស់ Enzo Fernandez អំពីលោក Liam Rosenior បានផ្តល់ “សេរីភាពក្នុងការបញ្ចេញសមត្ថភាព” ឱ្យកីឡាករ ជំនួសឱ្យការចងក្រងពួកគេជាមួយយុទ្ធសាស្ត្ររឹងតឹងពេក។ គាត់អនុញ្ញាតឱ្យកីឡាករគិតដោយខ្លួនឯង ការលេងបាល់ និងសម្រេចចិត្តក្នុងស្ថានភាពជាក់ស្តែងលើទីលាន។
Enzo Fernandez បាននិយាយថា៖
“យើងមានអារម្មណ៍ថាអាចលេងបាល់ទាត់តាមស្ទីលរបស់យើងបានច្រើនជាងមុន។ វាមិនមែនជារឿងតែប្រព័ន្ធលេងទេ ប៉ុន្តែជារបៀបគិត និងទំនុកចិត្តដែលគ្រូបង្វឹកផ្តល់ឱ្យយើង។”
ក្រោមការដឹកនាំរបស់លោក Liam Rosenior ទម្រង់លេងរបស់ Chelsea ហាក់មានភាពរលូន និងក្លាហានជាងមុន។ ក្រុមកំពុងឈរនៅលេខ ៥ ក្នុងតារាង Premier League មានត្រឹមតែ ១ ពិន្ទុប៉ុណ្ណោះពីលេខ ៤ Manchester United ដែលមានន័យថាឱកាសលេង Champions League នៅរដូវកាលក្រោយនៅតែបើកចំហ។
អ្នកវិភាគជាច្រើនមើលឃើញថា ការផ្លាស់ប្តូររបៀបដឹកនាំនេះបានជួយឱ្យកីឡាករដូចជា Cole Palmer, Nicolas Jackson និង Enzo Fernandez មានភាពច្នៃប្រឌិត និងក្លាហានក្នុងការបង្កើតឱកាស។
ទោះយ៉ាងណា Liam Roseniorនៅតែប្រឈមមុខនឹងសម្ពាធខ្លាំង ព្រោះ Chelsea ត្រូវការលទ្ធផលជាប់លាប់ ប្រសិនបើពួកគេចង់វិលត្រឡប់ទៅកម្រិតកំពូលនៃបាល់ទាត់អឺរ៉ុប។
សម្រាប់ពេលនេះ អារម្មណ៍ក្នុងក្រុមហាក់វិជ្ជមាន ហើយ Enzo Fernandez ជឿថា ប្រសិនបើពួកគេបន្តដូចនេះ Chelsea អាចក្លាយជាក្រុមដែលគ្រប់គ្នាត្រូវខ្លាចម្តងទៀត។